លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ បានចាត់លោកឧត្តមសេនីយ៍ត្រី ចំរើន ណេតធាវីសំរេច ស្នងការរងផែនការងារធនធានមនុស្ស់ ដឹកនាំសហការី អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងការងារសាធារណមតិ និងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត”។
ឧត្ដរមានជ័យ ៖ថ្ងៃសៅរ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដ បានចាត់លោកឧត្តមសេនីយ៍ត្រី ចំរើន ណេតធាវីសំរេច ស្នងការរងផែនការងារធនធានមនុស្ស ដឹកនាំសហការី អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការ ពង្រឹងការងារសាធារណមតិ និងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត” ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ។ ដោយមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃ គណៈអភិបាលខេត្តឧត្តរមានជ័យ ប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរ ពាក់ព័ន្ធ រួមនឹងមន្ត្រីព័ត៌មានពីថ្នាក់ខេត្តដល់ថ្នាក់ឃុំ-សង្កាត់ សរុបជាង ៤០០នាក់។
គួរបញ្ជាក់ផងដែលថា វគ្គបណ្តុះបណ្តាលនេះត្រូវបានធ្វើឡើង ក្នុងគោលបំណងពង្រឹងជំនាញក្នុង ការអនុវត្តការងារព័ត៌មាននិងសាធារណមតិ តាមរយៈការចែករំលែកអំពី និន្នាការនៃការរីកចម្រើននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ផលប៉ះពាល់នៃ ព័ត៌មានក្លែងក្លាយ និងវិធីសាស្ត្រសំខាន់ៗ ក្នុងការកំណត់អត្តសញ្ញាណ វិភាគ និងឆ្លើយតបចំពោះព័ត៌មានមិនពិតទាំងនោះ ដោយផ្អែកលើបទពិសោធន៍ ជាក់ស្តែងដែលបានជួបប្រទះ ដើម្បីធានាថា «មន្ត្រីព័ត៌មានពីថ្នាក់ខេត្តដល់ ថ្នាក់ឃុំ-សង្កាត់ នៅក្នុងខេត្តឧត្តរមានជ័យទាំងមូល មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការឆ្លើយតប បកស្រាយ និងបំភ្លឺបានទាន់ពេលវេលា និង មានប្រសិទ្ធភាព»។
វគ្គបណ្តុះបណ្តាលនេះក៏មានការចូលរួមធ្វើបទបង្ហាញដោយវាគ្មិនចំនួន ២ រូប ដែលមានបទពិសោធន៍លើការងារព័ត៌មាននិងសាធារណមតិ ដោយរួមមាន ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃគ.ស.ព.ស. និង កញ្ញា ម៉ាក រ័ត្នមុនី មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកការងារបញ្ញាសិប្បនិម្មិតរបស់ លេខាធិការដ្ឋាន គ.ស.ព.ស. ។
ឯកឧត្តម ស្វាយ ស៊ីថា បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា «ចំណេះដឹង និងបទពិសោធន៍ថ្មីៗដែលទទួលបានពីវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ នឹងជួយ ពង្រឹងឆន្ទៈ ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវរបស់សិក្ខាកាម ទាំងអស់ ក្នុងការអនុវត្តការងារព័ត៌មាននិងសាធារណមតិឱ្យកាន់តែ មានប្រសិទ្ធភាព សំដៅរួមចំណែកថែរក្សាស្ថិរភាពសង្គម និងនយោបាយ និងសណ្តាប់ធ្នាប់សាធារណៈ ស្របពេលដែលពិភពលោកកំពុងប្រឈមនឹង ភាពមិនប្រាកដប្រជា កាន់តែខ្លាំង»៕
រូបភាព និងអត្ថបទ: ការិយាល័យផ្សព្វផ្សាយអប់រំ
Telegram_: https://t.me/policeoddarmeanchey





















No comments:
Post a Comment