អភិបាលស្រុកសំរោង ចុះពិនិត្យស្ថានភាពស្រូវវស្សា និងនាំយកប្រេងម៉ាស៊ូត ៣០០លីត្រ ផ្តល់ជូនស្ថានីយបូមទឹកភូមិតាមៅ ដើម្បីសង្គ្រោះស្រែប្រជាពលរដ្ឋ ជាង ៥០០ហិកតា
តាកែវ៖ លោក កៅ វគ្គសែល អភិបាល នៃគណៈអភិបាលស្រុកសំរោង អមដំណើរដោយមន្ត្រីការិយាល័យជំនាញពាក់ព័ន្ធ, លោកមេឃុំ, ក្រុមប្រឹក្សាឃុំ, ស្មៀនឃុំ និងអាជ្ញាធរភូមិ នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ នេះ បានអញ្ជើញចុះពិនិត្យផ្ទាល់ពីស្ថានភាពស្រូវរដូវវស្សារបស់បងប្អូនប្រជាកសិករ ដែលកំពុងជួបប្រទះបញ្ហាកង្វះខាតទឹកស្រោចស្រព ដោយសារគ្រោះរាំងស្ងួត។
ក្នុងឱកាសចុះអន្តរាគមន៍ជាបន្ទាន់នោះ លោក កៅ វគ្គសែល ព្រមទាំងគណៈអភិបាលស្រុក បាននាំយកប្រេងម៉ាស៊ូតចំនួន ៣០០ លីត្រ ប្រគល់ជូនស្ថានីយបូមទឹកភូមិតាមៅ ស្ថិតក្នុងឃុំជើងគួន ដើម្បីដំណើរការម៉ាស៊ីនបូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ជូនថា ស្ថានីយបូមទឹកភូមិតាមៅ មានតួនាទីយ៉ាងសំខាន់ក្នុងការបូមទឹកបែកចែកស្រោចស្រពលើផ្ទៃដីស្រូវរដូវវស្សារបស់ប្រជាកសិករសរុប ៥១៤ ហិកតា ដែលគ្របដណ្តប់លើភូមិចំនួន ៧ ក្នុងឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។
ការចុះអន្តរាគមន៍ជួយសង្គ្រោះស្រូវវស្សានាពេលនេះ បានធ្វើឱ្យប្រជាកសិករក្នុងឃុំជើងគួន សម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរស្រុកសំរោង ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕







No comments:
Post a Comment