លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយអនុគណៈកម្មការ និងក្រុមការងារ រៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ បំពេញជួសប្រចាំឆ្នាំ២០២៦
ខេត្តតាកែវ ៖ នាព្រឹកថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំជាមួយអនុគណៈកម្មការ និងក្រុមការងារជំនាញ ដើម្បីពិភាក្សា និងរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៦។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក-លោកស្រី ស្នងការរង លោកនាយ-នាយរងការិយាល័យពាក់ព័ន្ធ និងសមាជិក-សមាជិកានៃអនុគណៈកម្មការ ព្រមទាំងក្រុមការងាររៀបចំការប្រឡងជាច្រើនរូប។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានលើកឡើងអំពីសេចក្តីណែនាំ និងទិសដៅការងារសំខាន់ៗមួយចំនួន ដើម្បីធានាឱ្យដំណើរការប្រឡងប្រជែងប្រព្រឹត្តទៅដោយរលូន
ហើយបានប្រគល់ភារកិច្ចជូនដល់អនុគណៈកម្មការ និងក្រុមការងារនីមួយៗឱ្យទទួលខុសត្រូវខ្ពស់លើផ្នែកជំនាញរបស់ខ្លួន ចាប់តាំងពីការរៀបចំឯកសារ ការត្រួតពិនិត្យបញ្ជីឈ្មោះ និងការរៀបចំមណ្ឌលប្រឡង ដោយយកចិត្តទុកដាក់ខ្ពស់លើគោលការណ៍យុត្តិធម៌ តម្លាភាព និងភាពត្រឹមត្រូវ ដើម្បីជ្រើសរើសបាននូវបេក្ខជន-បេក្ខនារីដែលមានសមត្ថភាព គុណសម្បត្តិ និងឆន្ទៈពិតប្រាកដក្នុងការចូលបម្រើការងារក្នុងជួរកងកម្លាំងនគរបាលជាតិ។
បន្ថែមលើសពីនេះទៀតការរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានម៉ឺងម៉ាត់នៅតាមមណ្ឌលប្រឡង ដើម្បីបង្កលក្ខណៈងាយស្រួល និងធានាសុវត្ថិភាពជូនបេក្ខជនទាំងអស់។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ក៏បានផ្តាំផ្ញើ និងជំរុញឱ្យអនុគណៈកម្មការ ព្រមទាំងក្រុមការងារទាំងអស់ ត្រូវសហការគ្នាយ៉ាងជិតស្និទ្ធ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យបេសកកម្មនៃការរៀបចំការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៦ នេះ ទទួលបានលទ្ធផលជោគជ័យ និងប្រសិទ្ធភាពខ្ពស់បំផុត៕អត្ថបទការិយាល័យព័ត៌មាន លោក ឃិន ជុន































No comments:
Post a Comment