អាជ្ញាធរខេត្តតាកែវ ប្រារព្ធទិវាប្រកាសរដ្ឋធម្មនុញ្ញ ខួប ៣៣ឆ្នាំ និងប្តេជ្ញាបន្តការពារសន្តិភាព
តាកែវ៖ ក្នុងឱកាសប្រារព្ធខួបលើកទី៣៣ នៃ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ “ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ អាជ្ញាធរខេត្តតាកែវ បានប្រារព្ធរៀបចំពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក ដើម្បីសម្តែងនូវការគោរព និងរំលឹកគុណចំពោះច្បាប់កំពូលរបស់ជាតិកម្ពុជា។ ក្នុងពិធីនេះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់យ៉ាងច្បាស់អំពីតម្លៃប្រវត្តិសាស្ត្រ និងភាពខានមិនបាន នៃរដ្ឋធម្ម នុញ្ញ ក្នុងការដឹកនាំប្រទេសជាតិឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍមកទល់សព្វថ្ងៃ ។
ឯកឧត្តមអភិបាលខេត្ត វ៉ី សំណាង បានរំលឹកថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺជាផលផ្លែផ្កានៃសមិទ្ធផលប្រវត្តិសាស្ត្រ ដែលត្រូវបានសភាធម្មនុញ្ញអនុម័តផ្លូវការកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយបន្ទាប់មកត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ ។
អត្ថន័យនៃច្បាប់កំពូលនេះ គឺការបូកបញ្ចូលគ្នាយ៉ាងផ្ចិតផ្ចង់រវាង “គុណតម្លៃប្រពៃណីខ្មែរ” (ជាតិ សាសនា ព្រះមហាក្សត្រ) និង “គុណតម្លៃទំនើប”(ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ) ដោយបានទាញយកខ្លឹមសារទាំងស្រុងចេញពីឧបសម្ព័ន្ធទី៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ។ ការរួមបញ្ចូលគ្នារវាងសសរស្ដម្ភទាំងពីរនេះ បានបង្កើតជាកម្លាំងចលករយ៉ាងរឹងមាំ ក្នុងការសម្របសម្រួល និងដោះស្រាយរាល់វិបត្តិនយោបាយ និងបញ្ហាច្បាប់ ព្រមទាំងធានាបាននូវសុខដុមរមនាក្នុងសង្គមកម្ពុជា ទាំងមូល។ ដើរស្របទៅតាមការវិវត្តជាក់ស្តែងរបស់សង្គម រដ្ឋធម្មនុញ្ញកម្ពុជាត្រូវបានធ្វើវិសោធនកម្មចំនួន ១០លើក និងមានការបង្កើតច្បាប់ធម្មនុញ្ញបន្ថែមចំនួន ១លើក ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ជាតិ ។ឆ្លងកាត់ដំណើរប្រវត្តិសាស្ត្រ ៣៣ឆ្នាំមកនេះ ព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវសមិទ្ធផលធំធេងជាច្រើន ស្របតាមស្មារតីដើមនៃបុព្វកថារដ្ឋធម្មនុញ្ញ គឺការកសាងជាតិឡើងវិញឱ្យក្លាយជាដែនដីដែលមានសន្តិភាពពេញលេញ បរិបូរណ៍ ក្រោមឆ័ត្ររួម នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ។
ជាមួយគ្នានោះ ឯកឧត្តម វ៉ី សំណាង បានគូសបញ្ជាក់ថា ផ្អែកលើគ្រឹះដ៏រឹងមាំដែលសម្រេចបានកន្លងមក រាជ រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តដើរតាមគន្លងរដ្ឋធម្មនុញ្ញ ។ រាជរដ្ឋាភិបាល នឹងបន្តពង្រឹងកម្លាំងសមគ្គីភាពជាតិ ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងឯកភាពជាតិ ដើម្បីជាសសរទ្រទ្រង់របបនយោបាយ និងរញ៉ែកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍតាមរយៈ “កម្មវិធីនយោបាយ” និង “យុទ្ធសាស្ត្របញ្ចកោណ” ក្នុងគោលដៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជានាវាជាតិដែលមានចំណូលខ្ពស់ ៕



















No comments:
Post a Comment