លោកស្រី មាស ចន្នី ត្រូវបានប្រកាសទទួលស្គាល់ជានាយិកាសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២៦ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុង ពិធីប្រកាសទទួលស្គាល់នាយិកាសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពី ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ លោក-លោកស្រី ជាប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុង/ស្រុក មេឃុំ/ចៅសង្កាត់ និងមន្ត្រីរាជការយ៉ាងច្រើនកុះករ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងនូវការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រីនាយិកាសាខាចាស់ ដែលបានចូលនិវត្តន៍ សម្រាប់ការខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្ត និងបំពេញភារកិច្ចបម្រើការងារមនុស្សធម៌យ៉ាងសកម្មនាពេលកន្លងមក ព្រមទាំងអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះ លោកស្រី មាស ចន្នី ដែលត្រូវបានប្រកាសទទួលស្គាល់ជានាយិកាសាខានាពេលនេះ។ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់លោកស្រីនាយិកាសាខាថ្មី ត្រូវខិតខំសហការឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធ ដើម្បីរៀបចំផែនការសកម្មភាពចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនវីរកងទ័ពដែលកំពុងបំពេញភារកិច្ចការពារជាតិ និងទឹកដី ឱ្យបានច្បាស់លាស់ និងទាន់ពេលវេលា និងត្រូវខិតខំពង្រឹងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងក្នុងសាខាឱ្យបានច្បាស់លាស់ និងរឹងមាំ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការបែងចែកភារកិច្ច និងការបំពេញតួនាទីបំរើការងារមនុស្សធម៌ឱ្យឆ្លើយតបបានទាន់ពេលវេលា។
ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានបន្តទៀតថា សូមឱ្យសាខាកាកបាទក្រហម បន្ទាប់ពីអនុវត្តសកម្មភាពរួច ត្រូវបង្កើតទំព័រហ្វេសប៊ុក (Page) ដើម្បីបង្ហោះចែករំលែកតាមបណ្តាញសង្គម ឱ្យបងប្អូនប្រជាពលរដ្ឋបានឃើញពីការយកចិត្តទុកដាក់របស់សាខាកាកបាទក្រហម ព្រមទាំងត្រូវជួយផ្សព្វផ្សាយបន្ថែមអំពីសុវត្ថិភាពចរាចរណ៍នៅតាមបណ្តាសាលារៀន និងរោងចក្រក្នុងខេត្តផងដែរ។ ឯកឧត្តមបានសំណូមពរយ៉ាងទទូចដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តណែនាំ និងអប់រំបងប្អូនប្រជាពលរដ្ឋឱ្យចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់អនាម័យ សោភ័ណភាព និងបរិស្ថានក្នុងខេត្តទាំងមូលផងដែរ៕
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានអញ្ជើញប្រគល់សេចក្តីសម្រេច និងត្រាការងារ ជូនដល់ លោកស្រី មាស ចន្នី ជានាយិកាសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺថ្មី ជាការឆ្លើយតបលោកស្រី មាស ចន្នី នាយិកាសាខាថ្មី ក៏បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច និងស្មារតីទទួលខុសត្រូវខ្ពស់ សហការឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជំរុញសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ឱ្យកាន់តែផុសផុល និងឆ្លើយតបបានទាន់ពេលវេលាជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះផងដែរ៕
អត្ថបទ:លោកស៊ាន ស៊ីម




































No comments:
Post a Comment