ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញដឹកនាំគណៈកម្មការទី១០ នៃព្រឹទ្ធសភា ជួបពិភាក្សាការងារ និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនរដ្ឋបាលខេត្តព្រៃវែង
ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ គណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ (គណៈកម្មការទី១០) នៃព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ ក្នុងឱកាសអញ្ជើញចុះបំពេញបេសកកម្មពិភាក្សាការងារ និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់រដ្ឋបាលខេត្តព្រៃវែង។
ពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អនុប្រធាន លេខាធិការ សមាជិក សមាជិកានៃគណៈកម្មការទី១០ ឯកឧត្តមសមាជិកក្រុមភូមិភាគទី៦ នៃព្រឹទ្ធសភា ព្រមទាំងគណៈប្រតិភូអមដំណើរ។ ខាងភាគីរដ្ឋបាលខេត្តព្រៃវែង មានការអញ្ជើញចូលរួមពី លោកជំទាវអភិបាលរងខេត្ត, នាយករដ្ឋបាលសាលាខេត្ត, ប្រធានមន្ទីរសុខាភិបាល, ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូប។
មានប្រសាសន៍ក្នុងជំនួបនោះ ឯកឧត្តម ម៉ម ប៊ុននាង បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខយ៉ាងកក់ក្តៅ និងពរជ័យសិរីសួស្តីពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង។ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានគូសបញ្ជាក់ពីស្មារតីយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការឧបត្ថម្ភគាំទ្រដល់អាជ្ញាធរមូលដ្ឋាន ដើម្បឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះតម្រូវការចាំបាច់នានាក្នុងការបម្រើប្រយោជន៍ជូនប្រជាពលរដ្ឋ។
ជាការឆ្លើយតប ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្ត បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងផ្តល់ក្តីស្រឡាញ់អាណិតស្រឡាញ់ដ៏ជ្រាលជ្រៅដល់អាជ្ញាធរ និងប្រជាពលរដ្ឋខេត្តព្រៃវែង។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ម៉ម ប៊ុននាង ព្រមទាំងគណៈប្រតិភូព្រឹទ្ធសភា ដែលបានអញ្ជើញចុះមកពិភាក្សាការងារ និងនាំយកនូវអំណោយដ៏ថ្លៃថ្លានេះមកប្រគល់ជូននាពេលនេះ ដោយរដ្ឋបាលខេត្តប្តេជ្ញាចិត្តនឹងនាំយកអំណោយទាំងនេះទៅប្រើប្រាស់ឱ្យចំគោលដៅ និងប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។
ក្នុងឱកាសនោះដែរ គណៈប្រតិភូព្រឹទ្ធសភាបានប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់រដ្ឋបាលខេត្តព្រៃវែង សម្រាប់ប្រើប្រាស់តាមតម្រូវការចាំបាច់ និងបានបញ្ចប់ជំនួបពិភាក្សាការងារដោយបរិយាកាសស្និទ្ធស្នាល និងស្នាមញញឹមយ៉ាងរីករាយ៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន



































No comments:
Post a Comment