យុវជនទាំងពីរភេទក្នុងខេត្តមណ្ឌលគិរី ស្ម័គ្រចិត្តចុះឈ្មោះចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦ យ៉ាងសកម្ម
ខេត្តមណ្ឌលគិរី៖ ប្រជាពលរដ្ឋ និងយុវជនខ្មែរទាំងពីរភេទដែលមានអាយុចាប់ពី ១៨ ដល់ ២៥ឆ្នាំ រស់នៅក្នុងខេត្តមណ្ឌលគិរី បានសម្តែងនូវស្មារតីស្នេហាជាតិ និងឆន្ទៈមោះមុត ដោយបានអញ្ជើញទៅបំពេញពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦ យ៉ាងកុះករ នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃបើកដំណើរការដំបូងនៃការទទួលពាក្យ។
ការចុះឈ្មោះនេះបានប្រព្រឹត្តទៅនៅតាមបណ្តាទីតាំងទទួលពាក្យ ក្នុងមូលដ្ឋានកងរាជអាវុធហត្ថទាំង ៥ ស្រុក-ក្រុង រួមមាន ក្រុងសែនមនោរម្យ ស្រុកអូររាំង ស្រុកកែវសីមា ស្រុកកោះញែក និងស្រុកពេជ្រាដា។ ដំណើរការរៀបចំសម្រួលឯកសារ និងការទទួលពាក្យត្រូវបានអនុវត្តទៅដោយរលូន ស្របតាមនីតិវិធី និងប្រកបដោយស្មារតីម្ចាស់ការ ទទួលខុសត្រូវខ្ពស់ពីសំណាក់មន្ត្រីជំនាញ។
ការស្ម័គ្រចិត្តចូលរួមបំពេញកាតព្វកិច្ចយោធានាពេលនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការយល់ដឹងស៊ីជម្រៅ កាតព្វកិច្ច និងការទទួលខុសត្រូវរបស់យុវជនកម្ពុជាក្នុងនាមជាពលរដ្ឋល្អ ព្រមទាំងបង្ហាញពីស្មារតីលះបង់ និងឆន្ទៈក្នុងការចូលរួមបម្រើជាតិ មាតុភូមិ និងការពារសុខសន្តិភាពសង្គម៕














No comments:
Post a Comment