ឯកឧត្តម សុខ លូ នាំយកអំណោយរបស់សម្តេចបវរធិបតីផ្ដល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៣៥០គ្រួសារនៅស្រុកសង្កែ ខេត្តបាត់ដំបង
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីនាំយកអំណោយជាគ្រឿងឧបភោគបរិភោគដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រុមការងារស្បៀងបន្ទាន់ ទៅចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ៣៥០គ្រួសារ ដែលរស់នៅក្នុងឃុំអូរដំបង២ និងឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខយ៉ាងជ្រាលជ្រៅ និងក្តីអាណិតអាសូរជាពន់ពេកពីសំណាក់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងជួបប្រទះការលំបាកដោយសារគ្រោះធម្មជាតិនេះ។ ឯកឧត្តម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងនៅក្បែរប្រជាពលរដ្ឋជានិច្ច ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ ឬដាច់ពោះដោយសារខ្វះស្បៀងអាហារ ដោយមិនបានដឹង និងមិនបានជួយសង្គ្រោះនោះឡើយ។
ជាមួយគ្នានេះដែរ ឯកឧត្តម សុខ លូ ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តតាមដានស្ថានភាពទឹកជំនន់ និងត្រៀមលក្ខណៈអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ព្រមទាំងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងគ្រួសារ ជាពិសេសកុមារតូចៗ និងមនុស្សចាស់ជរា ព្រមទាំងត្រូវថែរក្សាសុខភាពអនាម័យជាប្រចាំ ដើម្បីជៀសវាងពីជំងឺដង្កាត់ផ្សេងៗដែលកើតមានឡើងក្នុង និងក្រោយពេលទឹកជំនន់។
គួរបញ្ជាក់ថា អំណោយស្បៀងអាហារដែលបានចែកជូនដល់គ្រួសាររងគ្រោះទាំង ៣៥០គ្រួសារនាពេលនេះ គឺជាការឆ្លើយតបយ៉ាងទាន់ពេលវេលា ដើម្បីសម្រាលទុក្ខលំបាក និងដោះស្រាយជីវភាពចំពោះមុខរបស់បងប្អូនប្រជាពលរដ្ឋក្នុងស្ថានភាពដ៏លំបាកនេះ៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន




















No comments:
Post a Comment