រដ្ឋបាលខេត្តតាកែវ ប្រារព្ធកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសលើកទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត នៃផែនការលេខ ០០៣ ផក របស់ក្រសួងមហាផ្ទៃ
ខេត្តតាកែវ៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសលើកទី១ ឆ្នាំ២០២៦ និងកំណត់ទិសដៅអនុវត្តបន្ត នៃការអនុវត្តផែនការលេខ ០០៣ ផក របស់ក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុវណ្ណា ពិសាខា អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានក្រុមប្រតិបត្តិការទី៤ និង លោក ស៊ុត ខុន អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរដែនដីពាក់ព័ន្ធជាច្រើនរូប។
មានប្រសាសន៍បើកកិច្ចប្រជុំ លោក ស៊ុត ខុន អភិបាលរងខេត្ត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តផែនការលេខ ០០៣ ផក នាពេលកន្លងមក ដែលសម្រេចបាននូវលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់ ក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្ត។
មានប្រសាសន៍ណែនាំ និងបូកសរុបក្នុងកិច្ចប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុវណ្ណា ពិសាខា អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធានក្រុមប្រតិបត្តិការទី៤ បានកោតសរសើរចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រុមប្រតិបត្តិការ និងរដ្ឋបាលខេត្តតាកែវ។ ជាមួយគ្នានេះ ឯកឧត្តម បានផ្តល់នូវអនុសាសន៍ និងទិសដៅអនុវត្តបន្តសំខាន់ៗដូចខាងក្រោម៖
ពង្រឹងកិច្ចសហការ៖ បន្តបង្កើនកិច្ចសហការជិតស្និទ្ធរវាងកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី និងផ្នែកពាក់ព័ន្ធទាំងអស់ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តបទបញ្ជា និងផែនការសកម្មភាព។
ពង្រឹងការគ្រប់គ្រង និងចុះត្រួតពិនិត្យ៖ រក្សាការយកចិត្តទុកដាក់ និងបង្កើនការចុះត្រួតពិនិត្យលើការងារជំនាញអន្តោប្រវេសន៍ ការគ្រប់គ្រងជនបរទេស និងការរក្សាសន្តិសុខតាមតំបន់ព្រំដែនឱ្យបានម៉ឺងម៉ាត់។
ជំរុញការអប់រំ និងផ្សព្វផ្សាយ៖ បន្តផ្សព្វផ្សាយច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ និងផ្នែកពាក់ព័ន្ធ ដើម្បី
ចូលរួមចំណែកការពារសន្តិសុខសង្គម។
កែលម្អចំណុចខ្វះខាត៖ ពិនិត្យ និងដោះស្រាយរាល់បញ្ហាប្រឈម និងចំណុចខ្វះខាតដែលនៅសេសសល់ក្នុងឆមាសទី១ ដើម្បីធានាឱ្យការអនុវត្តផែនការឆមាសទី២ ទទួលបានលទ្ធផលកាន់តែល្អប្រសើរ។
កិច្ចប្រជុំបានបញ្ចប់ទៅដោយបរិយាកាសស្និទ្ធស្នាល យោគយល់គ្នា និងទទួលបានផ្លែផ្កាជាផ្លូវការ៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន




















No comments:
Post a Comment