ឯកឧត្ដម អភិបាលខេត្តព្រៃវែង អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវលំដែលរងការខូចខាតដោយសាររដូវវស្សា ក្នុងស្រុកព្រះស្ដេច
ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំប្រតិភូខេត្ត រួមមាន ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ព្រមទាំងលោក យ៉ាវ សានិន អភិបាលស្រុកព្រះស្ដេច និងអាជ្ញាធរឃុំ អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវលំដែលកំពុងរងផលប៉ះពាល់ និងខូចខាតនារដូវវស្សា ស្ថិតក្នុងភូមិសាស្រ្តឃុំកំពង់សឹង ឃុំរាធរ និងឃុំបឹងដោល នៃស្រុកព្រះស្ដេច ខេត្តព្រៃវែង។
ការចុះពិនិត្យផ្ទាល់នាឱកាសនេះ ធ្វើឡើងដើម្បីវាយតម្លៃពីកម្រិតខូចខាតជាក់ស្ដែងដែលបង្កឡើងដោយទឹកភ្លៀង និងជំនន់រដូវវស្សា សំដៅរៀបចំផែនការអន្តរាគមន៍ និងស្ដារឡើងវិញឱ្យបានទាន់ពេលវេលា ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
នាឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានណែនាំដល់មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រមូលទិន្នន័យផលប៉ះពាល់ ព្រមទាំងត្រៀមលក្ខណៈបច្ចេកទេស និងគ្រឿងចក្រ ដើម្បីជួសជុលសម្រួលបណ្ដោះអាសន្នភ្លាមៗ បន្ទាប់ពីទឹកស្រកទៅវិញ សំដៅធានាសុវត្ថិភាព និងភាពងាយស្រួលក្នុងការធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សបំផុត៕អត្ថបទការិយាល័យព័ត៌មាន លោក ឃិន ជុន




























No comments:
Post a Comment