រដ្ឋបាលខេត្តឧត្តរមានជ័យ ទទួលស្វាគមន៍គណៈប្រតិភូ ICRC ដើម្បីពិភាក្សាលើការងារមនុស្សធម៌ និងសុវត្ថិភាពតាមព្រំដែន
ខេត្តឧត្តរមានជ័យ៖ នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារ រៀបចំពិធីទទួលស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ គណៈប្រតិភូនៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដឹកនាំដោយ លោកស្រី Dorsa Nazemi Salman (ឌ័រសា ណាហ៊្សេមី សាល់មែន) ប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ក្នុងឱកាសដែលលោកស្រី និងប្រតិភូ អញ្ជើញបំពេញបេសកកម្មការងារ និងសម្តែងការគួរសម នៅសាលាខេត្តឧត្តរមានជ័យ។
ក្នុងជំនួបពិភាក្សាការងារដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរបានលើកយករបៀបវារៈចម្បងៗមកពិភាក្សាយ៉ាងស៊ីជម្រៅ ដោយផ្តោតលើ៖
១. ស្ថានភាពទូទៅនៅតាមបណ្តោយព្រំដែន៖ ការផ្លាស់ប្តូរព័ត៌មាន និងការវាយតម្លៃលើស្ថានភាពទូទៅនៅតាមតំបន់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។
២. ការជួយជ្រោមជ្រែងជនភៀសសឹក និងជនស៊ីវិល៖ ការពិភាក្សាលើវិធានការឆ្លើយតបមនុស្សធម៌ ក្នុងការសម្រួល និងផ្តល់ជំនួយដល់ជនភៀសសឹក ព្រមទាំងជនស៊ីវិលដែលរងផលប៉ះពាល់ដោយសារសង្គ្រាម ឬជម្លោះប្រដាប់អាវុធ។
៣. បញ្ហាគ្រឿងផ្ទុះសំណល់ពីសង្គ្រាម (ERW)៖ ការបង្កើនកិច្ចសហប្រតិបត្តិការលើការអប់រំយល់ដឹងពីគ្រោះថ្នាក់ ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងកិច្ចអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
នាឱកាសនោះ ឯកឧត្តម Mean Chanyada បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ ICRC ដែលបានខិតខំបំពេញបេសកកម្មមនុស្សធម៌យ៉ាងសកម្ម និងបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដីនាពេលកន្លងមក។
ជាការឆ្លើយតប លោកស្រី Dorsa Nazemi Salman បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងការសម្របសម្រួលយ៉ាងល្អប្រសើរពីសំណាក់អាជ្ញាធរខេត្តឧត្តរមានជ័យ ព្រមទាំងបានប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការមនុស្សធម៌នេះឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីជាផលប្រយោជន៍ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន













No comments:
Post a Comment