អភិបាលស្រុកទ្រាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនកងកម្លាំងប្រជាការពារឃុំធ្លក ព្រមទាំងជំរុញឱ្យបង្កើនការយកចិត្តទុកដាក់លើសន្តិសុខមូលដ្ឋាន
តាកែវ៖ នៅព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ នេះ លោក អ៊ុំ ចំរើន អភិបាល នៃគណៈអភិបាលស្រុកទ្រាំង ព្រមទាំងមានការអមដំណើរដោយ លោកអភិបាលរងស្រុក និងលោកនាយករងរដ្ឋបាលស្រុក បានអញ្ជើញចុះពិនិត្យមើលប៉ុស្តិ៍ប្រជាការពាររដ្ឋបាលឃុំធ្លក ស្ថិតនៅក្នុងភូមិព្រៃឈើទាល ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ។
ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់នោះ លោកអភិបាលស្រុកទ្រាំង ក៏បាននាំយកអំណោយឧបត្ថម្ភរួមមាន ទឹកសុទ្ធចំនួន ៥០យួរ និងនំចំនួន ១០០កញ្ចប់ ប្រគល់ជូនដល់កងកម្លាំងប្រជាការពារដែលកំពុងប្រចាំការ ដើម្បីជាការលើកទឹកចិត្ត និងសម្រាលជីវភាពក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ។
ជាមួយគ្នានេះដែរ លោក អ៊ុំ ចំរើន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ និងការខិតខំប្រឹងប្រែងរបស់កម្លាំងប្រជាការពារឃុំធ្លក ដែលបានលះបង់កម្លាំងកាយចិត្តចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋនាពេលកន្លងមក។
លោកអភិបាលស្រុក ក៏បានមានប្រសាសន៍ផ្តាំផ្ញើ និងណែនាំបន្ថែមថា កងកម្លាំងប្រជាការពារ គឺជាភ្នែកច្រមុះ និងជាសមត្ថកិច្ចជួរមុខយ៉ាងសំខាន់នៅថ្នាក់មូលដ្ឋាន ក្នុងការជួយការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ដូច្នេះ សូមបងប្អូនបន្តបង្កើនការយកចិត្តទុកដាក់ ល្បាត និងសហការជិតស្និទ្ធជាមួយអាជ្ញាធរឃុំ និងនគរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បីបង្ការ និងទប់ស្កាត់រាល់បទល្មើសផ្សេងៗ ជាពិសេសបទល្មើសលួច ឆក់ ប្លន់ និងបញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
កងកម្លាំងប្រជាការពារឃុំធ្លក បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអភិបាលស្រុកទ្រាំង និងក្រុមការងារ ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ និងផ្តល់ការឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារ ដល់កងកម្លាំងនៅថ្នាក់មូលដ្ឋាននាពេលនេះ៕







No comments:
Post a Comment