កាកបាទក្រហមកម្ពុជាផ្តល់ផ្ទះ១ខ្នងដល់គ្រួសារទីទ័លក្រនិងមានកូនភ្លោះបី នៅស្រុកភ្នំស្រួច
កំពង់ស្ពឺ៖ ផ្ទះមួយខ្នង ដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជាត្រូវបានប្រគល់ជូនដល់ប្រជាពលរដ្ឋមួយគ្រួសារ ដែលមានជីវភាពទីទ័លក្រ គ្មានទីពឹងដែលកំពុងរស់នៅក្នុងបន្ទប់ជួលនិងកូនភ្លោះបីនាក់ នៅក្នុងភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ការប្រគល់ផ្ទះបានធ្វើឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមវត្តមានលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានឱ្យដឹងថា លោក កែវ រស្មី ៣៤ឆ្នាំ និងប្រពន្ធឈ្មោះ រ៉ន ស្រីរដ្ឋ ៣១ឆ្នាំ មានកូន៥នាក់រស់ក្នុងបន្ទុក។បច្ចុប្បន្នគ្រួសារមួយនេះរស់ក្នុងបន្ទប់ជួល ក្រោមការជ្រោមជ្រែងពីប្តីជាអ្នករត់កង់បី ដែលរកព្រឹកខ្វះល្ងាច។ហើយក្នុងកំឡុងពេលដែលគ្រួសារនេះទទួលបានកូនប្រុសភ្លោះបី គឺមានជីវភាពកាន់តែលំបាកខ្លាំង ដោយកូនភ្លោះទាំងបីត្រូវបានបំបៅដោយទឹកបបរ។
លោកថា ក្រោយទទួលបានព័ត៌មាននេះ សាខាកាកបាទក្រហមខេត្តក៏បានចុះពិនិត្យនិងនាំជាស្បៀងឧបភោគ បរិភោគ រួមទាំងទឹកដោះគោ ដើម្បីជួយសម្រាលបន្ទុក ។ទន្ទឹមនោះ ដោយពិនិត្យឃើញគ្រួសារនេះរស់នៅក្នុងបន្ទប់ជួល គ្មានដីធ្លី ផ្ទះសម្បែង ក៏សម្រេចផ្តល់ដីសម្បទានមួយកន្លែងទំហំ៨៧៧ម៉ែត្រការ៉េព្រមទាំងសង់ផ្ទះមួយខ្នងទំហំ៥គុណនិង៦ម៉ែត្រដែលមានបន្ទប់ទឹកមួយ ដើម្បីផ្តល់ឱ្យជ្រកកោនបានសមរម្យ ។
ក្នុងឱកាសប្រគល់ផ្ទះនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា កាកបាទក្រហមកម្ពុជា គឺជាអង្គការមនុស្សធម៌មួយដែលតែងតែស្ថិតនៅជិតបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងខ្វល់ខ្វាយ គិតគូពីសុខទុក្ខរបស់បងប្អូនគ្រប់ពេលវេលា ដូចពាក្យស្លោកថា ទីណាមានការលំបាក ទីនោះតែងតែមានកាកបាទក្រហមកម្ពុជាជានិច្ច។ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានធ្វើឱ្យប្រជាពលរដ្ឋដែលមានជីវភាពទីទ័លក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយនិងកុមារកំព្រា នៅគ្រប់មូលដ្ឋានមានក្តីសង្ឃឹមឡើងវិញ ពិសេសគេចផុតពីការស្រែកឃ្លាន មានការហូបចុកគ្រប់គ្រាន់ និងមានទីជម្រករស់នៅបានសមរម្យ តាមរយៈការជួយឧបត្ថម្ភស្បៀងសង្គ្រោះបឋម និងសង់ទីជម្រកផ្តល់ជូនជាបន្តបន្ទាប់។
ប្រធានគណកម្មាធិការបន្ថែមថា ផ្ទះមួយខ្នងនេះគឺជាអំណោយកាកបាទក្រហមកម្ពុជាដែលបានផ្តល់ជូននាពេលនេះគឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការគិតគូរបស់សម្ត្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះបងប្អូនដែលកំពុងជួបការលំបាក កំពុងរងទុកវេទនា ដើម្បីអាចរស់នៅសមរម្យ និងមានការហូបចុកគ្រប់គ្រាន់ ន័យនេះដូចទិសស្លោក គ្មានពលរដ្ឋណាម្នាក់ដែលស្លាប់ដោយអត់បាយនោះទេ កាកបាទក្រហមកម្ពុជាតែងនៅជាប់ជាមួយបងប្អូនទោះចុងកាត់មាត់ញ៉កយ៉ាងណាក៏ដោយ។
ជាមួយនឹងការលើកឡើងនោះដែរ ឯកឧត្តមបណ្ឌិតក៏បានធ្វើការណែនាំបន្ថែម ដោយសុំឱ្យជួយថែរក្សា និងខិតខំបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីស្ទួយជីវភាពគ្រួសារ។ត្រូវជំរុញកុមារតូចឱ្យចូលសាលារៀននៅពេលគ្រប់អាយុសិក្សា ដើម្បីអនាគតពួកគេ។
សូមបញ្ជាក់ថា ក្នុងពិធីប្រគល់ផ្ទះមួយខ្នងដល់គ្រួសារទីទ័លក្រខាងលើ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក៏បានផ្តល់នូវស្បៀងសង្គ្រោះបឋម ដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះបំផុត គ្រួសារយុទ្ធជន និវត្តន៍ជនចំនួន៤៥គ្រួសារបន្ថែមផងដែរ ដើម្បីសម្រាលជីវភាពប្រចាំថ្ងៃ។
អត្ថបទ៖ស៊ាន ស៊ីម



































No comments:
Post a Comment