លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំលោក-លោកស្រីស្នងការរងទទួលផែនការងារជំនាញពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាល ប្រចាំអឌ្ឍមាសទី១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅសាលប្រជុំសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកណ្តាល។
ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាល ប្រចាំអឌ្ឍមាសទី១ ខែកញ្ញា ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកណ្តាល។អញ្ជើញចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានវត្តមាន លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ព្រមទាំងលោក-លោកស្រីជាស្នងការរង ទទួលផែនការងារជំនាញពាក់ព័ន្ធ និងមន្ត្រីរាជការ អាជ្ញាធរដែនដីពាក់ព័ន្ធជាច្រើនរូបទៀត។
កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងពិនិត្យ បូកសរុប និងវាយតម្លៃលើលទ្ធផលការងារដែលរដ្ឋបាលខេត្ត និងកម្លាំងសមត្ថកិច្ចសម្រេចបាននាពេលកន្លងមក ព្រមទាំងលើកយកនូវបញ្ហាប្រឈមនានាមកពិភាក្សា រកដំណោះស្រាយឱ្យបានទាន់ពេលវេលា។ ជាមួយគ្នានេះដែរ កិច្ចប្រជុំក៏បានផ្តោតលើការប្រគល់ភារកិច្ច និងទិសដៅការងារបន្ត រួមមាន៖
១/ ការងារសន្តិសុខ និងសណ្តាប់ធ្នាប់៖ ពង្រឹងកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្ត ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
២/គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»៖ បន្តរុញច្រានការអនុវត្តគោលនយោបាយឱ្យបានសកម្ម ដើម្បីលុបបំបាត់បទល្មើសផ្សេងៗ និងបង្កើនទំនុកចិត្តជូនប្រជាពលរដ្ឋ។
៣/ការបម្រើសេវាសាធារណៈ និងការអភិវឌ្ឍ៖ លើកកម្ពស់គុណភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន និងតម្លាភាព ព្រមទាំងជំរុញការងារអភិវឌ្ឍន៍ក្នុងខេត្តឱ្យកាន់តែមានវឌ្ឍនភាព។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងនគរបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានផ្តល់នូវអនុសាសន៍ណែនាំសំខាន់ៗ ដើម្បីយកទៅអនុវត្តបន្តក្នុងអឌ្ឍមាសទី២ ខែកញ្ញា ឱ្យទទួលបានលទ្ធផលរឹតតែល្អប្រសើរថែមទៀត។អន្ថបទការិយាល័យព័ត៌មាន លោកឃិន ជុន
















No comments:
Post a Comment