លោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុកព្រះស្ដេច បានអញ្ជើញចូលរួមកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងទូក «ង» នៅខេត្តព្រៃវែង សម្រាប់ឆ្នាំ២០២៦ និងត្រៀមរៀបចំកម្មវិធីចុះសួរសុខទុក្ខវីរៈកងទ័ព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង នៅសាលប្រជុំពហុបំណង (B) សាលាខេត្តព្រៃវែង។
ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំសំខាន់មួយ ដើម្បីពិភាក្សា និងត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងទូក «ង» ប្រចាំខេត្តព្រៃវែង សម្រាប់ឆ្នាំ២០២៦ ព្រមទាំងរៀបចំផែនការចុះសួរសុខទុក្ខវីរៈកងទ័ព ដែលកំពុងឈរជើងបំពេញភារកិច្ចការពារទឹកដី។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង (B) សាលាខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប រួមទាំង លោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុកព្រះស្ដេច ផងដែរ។
នៅក្នុងឱកាសនោះ អង្គប្រជុំបានផ្តោតលើរបៀបវារៈសំខាន់ៗពីរ៖
1 ការត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងទូក «ង» ឆ្នាំ២០២៦៖ រៀបចំផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការសម្រួលចរាចរណ៍ អនាម័យ បរិស្ថាន និងការរៀបចំទីតាំងប្រកួត ដើម្បីឱ្យព្រឹត្តិការណ៍ប្រពៃណីមួយនេះប្រព្រឹត្តទៅដោយរលូន បង្កើតបរិយាកាសសប្បាយរីករាយ និងទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តក្នុងខេត្តកាន់តែច្រើន។
2 កម្មវិធីចុះសួរសុខទុក្ខវីរៈកងទ័ព៖ រៀបចំផែនការចុះជួបសំណេះសំណាល នាំយកអំណោយ និងគ្រឿងឧបភោគបរិភោគ ទៅចែកជូនដល់វីរៈកងទ័ព ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ ការដឹងគុណ និងការលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធដែលបានលះបង់សាច់ស្រស់ឈាមស្រស់ក្នុងការការពារបូរណភាពទឹកដី និងសន្តិសុខជូនជាតិមាតុភូមិ។
ឯកឧត្តម សួន សុម៉ាលីន បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធ បំពេញភារកិច្ចតាមផ្នែកនីមួយៗឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឱ្យកម្មវិធីទាំងពីរខាងមុខនេះសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ៕អត្ថបទការិយាល័យព័ត៌មាន លោក ឃិន ជុន
























No comments:
Post a Comment