ឯកឧត្តម សួន សុម៉ាលីន អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងទូក «ង» ខេត្តព្រៃវែង និងកម្មវិធីចុះសួរសុខទុក្ខកងទ័ពនៅសមរភូមិជួរមុខ
ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំពហុបំណង «B» សាលាខេត្តព្រៃវែង ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សា និងត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងទូក «ង» ថ្នាក់ខេត្ត ព្រមទាំងកម្មវិធីចុះសួរសុខទុក្ខវីរៈកងទ័ពដែលកំពុងឈរជើងនៅសមរភូមិជួរមុខ។
កិច្ចប្រជុំដ៏មានសារសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត, លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត, មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, តំណាងប្រធានពន្ធនាគារខេត្ត, លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, អភិបាលក្រុង-ស្រុកទាំង១៣ ព្រមទាំងនាយកទីចាត់ការ ប្រធានអង្គភាព និងប្រធានផ្នែកចំណុះសាលាខេត្តព្រៃវែងយ៉ាងកកកុញ។
តាមការបញ្ជាក់នៅក្នុងកិច្ចប្រជុំ ព្រឹត្តិការណ៍ប្រណាំងទូក «ង» ខេត្តព្រៃវែង នឹងប្រព្រឹត្តទៅរយៈពេល ០២ ថ្ងៃ គឺនៅថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០២៦ នៅតាមបណ្តោយមាត់ទន្លេ (ចុងប៉ម) ស្ថិតក្នុងភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ និងថែរក្សាប្រពៃណីទំនៀមទម្លាប់ជាតិ។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តក៏បានពិភាក្សាលើការរៀបចំផែនការចុះសួរសុខទុក្ខ នាំយកអំណោយ និងការលើកទឹកចិត្តទៅដល់វីរៈកងទ័ពយើងដែលកំពុងបំពេញបេសកកម្មការពារទឹកដីនៅសមរភូមិជួរមុខ ដើមបីបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អាជ្ញាធរ និងប្រជាពលរដ្ឋនៅសមរភូមិក្រោយ។
ដើម្បីឱ្យព្រឹត្តិការណ៍ទាំងពីរនេះប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាព និងទទួលបានលទ្ធផលល្អប្រសើរ ឯកឧត្តម សួន សុម៉ាលីន បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងសមត្ថកិច្ចទាំងអស់ ឱ្យសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនាម័យ និងបដិសណ្ឋារកិច្ចឱ្យបានល្អខ្ជាប់ខ្ជួន៕អត្ថបទការិយាល័យព័ត៌មាន លោក ឃិន ជុន

























No comments:
Post a Comment