លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញកាន់វេនបិណ្ឌទី៨ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ ភ្នំព្រះរាជទ្រព្យ
ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា រួមជាមួយលោកឪពុក អ្នកម្តាយ សហការី កូនៗសមាជិការបស់សមាគមកាយឫទ្ធិនារីកម្ពុជា និងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ បានអញ្ជើញកាន់វេនបិណ្ឌទី៨ នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំព្រះរាជទ្រព្យ) ស្ថិតក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។
ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ លោកជំទាវបណ្ឌិត និងក្រុមគ្រួសារ ព្រមទាំងសហការី បាននាំយកទេយ្យទាន ចង្ហាន់ ភេសជ្ជៈ គ្រឿងឧបភោគបរិភោគ រួមទាំងបច្ច័យ វេរប្រគេនព្រះសង្ឃដែលគង់ចាំវស្សា និងបានប្រារព្ធកិច្ចបង្សុកូល រាប់បាត តាមប្រពៃណីព្រះពុទ្ធសាសនា។
កិច្ចបុណ្យនេះធ្វើឡើងក្នុងបំណងឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា ញាតកាទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ និងពិសេសឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធវីរយុទ្ធជន វីរយុទ្ធនារី ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ក្នុងការការពារបូរណភាពទឹកដី និងសន្តិភាពជូនជាតិមាតុភូមិ៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន





















































No comments:
Post a Comment