ពិធីបើកមហាសន្និបាតលើកទី៣១ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី អាណត្តិទី១៦ (២០២៦-២០២៩)
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី១៥ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកមហាសន្និបាតលើកទី៣១ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី អាណត្តិទី១៦ (២០២៦-២០២៩) ដែលប្រារព្ធធ្វើឡើងនៅអគារ A នៃមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។
ពិធីដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់៖
ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
ឯកឧត្តម ស៊ិន រិទ្ធ អគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ
អតីតប្រធានគណៈមេធាវី សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី បុគ្គលិកគណៈមេធាវី និងសមាជិក-សមាជិកាគណៈមេធាវីទូទាំងប្រទេស។
មានប្រសាសន៍ក្នុងពិធីបើកមហាសន្និបាត លោកមេធាវី សាំង វណ្ណៈ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះភ្ញៀវកិត្តិយស និងសមាជិក-សមាជិកាគណៈមេធាវីទាំងអស់ដែលបានចូលរួម។ លោកប្រធានគណៈមេធាវីបានគូសបញ្ជាក់អំពីសមិទ្ធផលសំខាន់ៗដែលគណៈមេធាវីសម្រេចបានក្នុងអាណត្តិទី១៥ កន្លងមក ព្រមទាំងបានសង្កត់ធ្ងន់លើការបន្តពង្រឹងគុណភាព កិត្តិយស និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវីឱ្យកាន់តែរីកចម្រើនជាលំដាប់។
ទិសដៅការងារ និងគោលនយោបាយអាណត្តិទី១៦
ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍ស្ថាប័នគណៈមេធាវីឱ្យកាន់តែមានចីរភាព និងកិត្យានុភាព លោកមេធាវី សាំង វណ្ណៈ បានដាក់ចេញនូវ គោលនយោបាយ និងទិសដៅការងារអាណត្តិទី១៦ ដោយផ្តោតលើមុំការងារសំខាន់ៗដូចខាងក្រោម៖
ការការពារសិទ្ធិ និងផលប្រយោជន៍មេធាវី៖ ពង្រឹងការការពារសិទ្ធិ សេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពក្នុងការបំពេញបេសកកម្មផ្លូវច្បាប់របស់សមាជិកមេធាវីទាំងអស់។
ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព៖ បង្កើនការបណ្តុះបណ្តាលបន្តប្រកបដោយគុណភាព រួមទាំងការធ្វើបច្ចុប្បន្នភាពច្បាប់ថ្មីៗ និងជំនាញបច្ចេកវិទ្យាឌីជីថលក្នុងវិស័យច្បាប់។
ការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ៖ ពង្រឹងការអនុវត្តក្រមសីលធម៌ និងតម្លាភាពក្នុងការបំពេញការងារ ដើម្បីបង្កើនទំនុកចិត្តពីសាធារណជនមកលើវិជ្ជាជីវៈមេធាវី។
ការជួយសង្គម និងការផ្តល់សេវាផ្លូវច្បាប់៖ បន្តពង្រីកបេសកកម្មការពារក្តីជូនជនក្រីក្រ និងជនងាយរងគ្រោះដោយឥតគិតកម្រៃ ដើម្បីរួមចំណែកលើកកម្ពស់យុត្តិធម៌សង្គម។
ការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ៖ ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នច្បាប់ និងគណៈមេធាវីបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ។
ជាមួយគ្នានេះ ក្នុងនាម ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសមាជិកគណៈមេធាវីទាំងអស់ក្នុងការចូលរួមលើកកម្ពស់វិស័យយុត្តិធម៌ ការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ជូនប្រជាពលរដ្ឋ ជាពិសេសការផ្តល់សេវាផ្លូវច្បាប់ជូនជនក្រីក្រដោយឥតគិតកម្រៃ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ក្រសួងយុត្តិធម៌នឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគណៈមេធាវី ដើម្បីពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
ក្នុងឱកាសនៃមហាសន្និបាតលើកទី៣១ នេះដែរ អង្គពិធីក៏បានប្រព្រឹត្តទៅនូវដំណើរការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី អាណត្តិទី១៦ ដោយប្រជាធិបតេយ្យ និងតម្លាភាព ដើម្បីបន្តដឹកនាំស្ថាប័នគណៈមេធាវីឱ្យកាន់តែមានសក្ដានុពល និងការអភិវឌ្ឍបន្ថែមទៀតនាពេលខាងមុខ។
ជ័យជម្នះ និងការទទួលបានសេចក្តីទុកចិត្តជាថ្មីនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពជឿជាក់ និងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់សហភាតរៈមេធាវីទូទាំងប្រទេស មកលើសមត្ថភាព ដឹកនាំ និងឆន្ទៈដ៏មោះមុតរបស់ លោកមេធាវី សាំង វណ្ណៈ ក្នុងការដឹកនាំស្ថាប័នគណៈមេធាវីឱ្យកាន់តែមានការរីកចម្រើន និងមានកិត្យានុភាព។អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន





















































No comments:
Post a Comment