ពិធីប្រកាសផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែងនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ
ខេត្តកណ្ដាល៖ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ បានរៀបចំពិធីប្រកាសផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ ជាផ្លូវការសម្រាប់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរ ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូប។
យោងតាមអនុក្រឹត្យ និងប្រកាសស្ដីពីការផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែង ក្នុងពិធីនេះត្រូវ បានប្រកាសតែងតាំង លោកវរសេនីយ៍ទោ ដែន និមល ជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំថ្មី។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និង ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះខិតខំប្រឹងប្រែងបម្រើជាតិមាតុភូមិនាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈអធិបតី បានផ្តល់នូវអនុសាសន៍ និងការណែនាំសំខាន់ៗដល់នាយប៉ុស្តិ៍ដែលទទួលបានការតែងតាំងថ្មី ដូចតទៅ៖
១. ការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់៖ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រង សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅតំបន់ច្រកទ្វារព្រំដែន ឱ្យមានភាពរៀបរយ និងធានាបាននូវការបំពេញភារកិច្ចប្រកបដោយតម្លាភាព។
២. ការសម្រួលការធ្វើដំណើរ និងពាណិជ្ជកម្ម៖ ត្រូវបន្តសម្រួលដល់ការចេញ-ចូលរបស់ប្រជាពលរដ្ឋ អ្នកដំណើរជាតិ-អន្តរជាតិ និងការឆ្លងកាត់ទំនិញឱ្យមានភាពលឿនរហ័ស ស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។
៣. ការពង្រឹងកិច្ចសហប្រតិបត្តិការ៖ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងភាគីមិត្តជិតខាង ដើម្បីរួមគ្នាតស៊ូបង្ក្រាបបទល្មើសឆ្លងដែនគ្រប់រូបភាព និងថែរក្សាសន្តិសុខតាមព្រំដែនឱ្យបានល្អប្រសើរ។
៤. សាមគ្គីភាពផ្ទៃក្នុង៖ ត្រូវប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងដឹកនាំមន្ត្រីក្រោមឱវាទដោយផ្អែកលើការទទួលខុសត្រូវខ្ពស់ និងក្រមសីលធម៌វជ្ជាជីវៈ។
ជាកិច្ចឆ្លើយតប លោកវរសេនីយ៍ទោ ដែន និមល នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំថ្មី បានឡើងប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងខិតខំបំពេញភារកិច្ចដែលថ្នាក់ដឹកនាំទំនុកបម្រុងប្រគល់ជូន ដោយស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ គោរពតាមការណែនាំរបស់ថ្នាក់ដឹកនាំ និងសហការជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍនៅតំបន់ព្រំដែនប្រកបដោយប្រសិទ្ធភាពខ្ពស់៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន























No comments:
Post a Comment