គណៈប្រតិភូរដ្ឋបាលខេត្តតាកែវ អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាព ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
រាជធានីភ្នំពេញ៖ នាថ្ងៃសៅរ៍ ៦កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ និងលោក ញ៉ែម ស្រស់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត ចុះគោរពវិញ្ញាណក្ខន្ធ និងសម្តែងនូវការរំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥។
នៅក្នុងឱកាសប្រកបដោយសមានទុក្ខដ៏សោកសង្រេងនេះ គណៈប្រតិភូរដ្ឋបាលខេត្តតាកែវ បានសម្តែងនូវការសោកស្តាយ និងស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះការបាត់បង់ ឯកឧត្តម ខៀវ មុត ដែលជាឥស្សរជនជាន់ខ្ពស់មួយរូប រូបលោកបានបូជាកម្លាំងកាយ ចិត្ត ប្រាជ្ញា និងស្មារតី ក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាពលរដ្ឋ ជាពិសេសការចូលរួមចំណែកយ៉ាងធំធេងក្នុងភារកិច្ចជួយដល់ប្រជាពលរដ្ឋក្នុងភូមិភាគទី៥ ក៏ដូចជាខេត្តតាកែវកន្លងមក។
គួរបញ្ជាក់ផងដែរថា ឯកឧត្តម ខៀវ មុត បានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១២:០៣នាទីថ្ងៃត្រង់ (ម៉ោងនៅកម្ពុជា) ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ।
បច្ចុប្បន្ន សពរបស់ឯកឧត្តមត្រូវបានតម្កល់ធ្វើពិធីបុណ្យតាមប្រពៃណី និងសាសនា នៅគេហដ្ឋានសព លេខ១២-១៤ ផ្លូវលេខ៥៥២ សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ គណៈប្រតិភូក៏បានបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម ខៀវ មុត បានទៅកាន់សុគតិភព និងឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ៕ អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន















No comments:
Post a Comment