លោក យ៉ាវ សានិន អភិបាលស្រុកព្រះស្តេច ដឹកនាំកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពការងារប្រចាំថ្ងៃ និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដល់មន្ត្រីរាជការរដ្ឋបាលស្រុក
ស្រុកព្រះស្តេច៖ នាព្រឹកថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំខាល អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលស្រុកព្រះស្តេច បានរៀបចំកិច្ចប្រជុំស្ដីពី «ការពង្រឹងកិច្ចការងារប្រចាំថ្ងៃ និងការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត» ជូនដល់មន្ត្រីរាជការចំណុះរដ្ឋបាលស្រុក ក្រោមអធិបតីភាព លោក យ៉ាវ សានិន អភិបាល នៃគណៈអភិបាលស្រុកព្រះស្ដេច ដោយមានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិករដ្ឋបាលស្រុក សរុបចំនួន ៥៣ នាក់។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងរបៀបរបបធ្វើការងារ វិន័យ និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងផ្សព្វផ្សាយនូវសារាចរ និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ ជាពិសេស លិខិតលេខ ៥៣៥៦/២៦ មស.ល.អធដ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ ដើម្បីឱ្យមន្ត្រីរាជការទាំងអស់បានយល់ដឹង និងយកទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាសនោះ លោក យ៉ាវ សានិន អភិបាលស្រុក បានថ្លែងអំណរគុណ និងកោតសរសើរចំពោះខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការទាំងអស់នាពេលកន្លងមក។ ជាមួយគ្នានេះ លោកអភិបាលស្រុក បានផ្តល់អនុសាសន៍ និងផ្តាំផ្ញើការងារសំខាន់ៗមួយចំនួនដូចខាងក្រោម៖
ពង្រឹងវិន័យ និងរបៀបរបបធ្វើការងារ៖ មន្ត្រីរាជការគ្រប់រូបត្រូវគោរពម៉ោងពេលធ្វើការងារ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់។
ការផ្តល់សេវាសាធារណៈ៖ ត្រូវយកចិត្តទុកដាក់សម្រួល និងផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស តម្លាភាព និងមានភាពស្និទ្ធស្នាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ការអនុវត្តលិខិតបទដ្ឋានគតិយុត្ត៖ ត្រូវសិក្សា និងស្វែងយល់ឱ្យបានស៊ីជម្រៅនូវរាល់លិខិតបទដ្ឋានគតិយុត្តរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសលិខិតរបស់ក្រសួងមុខងារសាធារណៈ ដើម្បីយកទៅអនុវត្តឱ្យត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន។
ការសាមគ្គីភាពផ្ទៃក្នុង៖ ត្រូវបន្តពង្រឹងស្មារតីសាមគ្គីភាព កិច្ចសហការ និងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ក្នុងការបំពេញភារកិច្ចជារៀងរាល់ថ្ងៃ។
ជាកិច្ចលើកទឹកចិត្តដល់ស្មារតីនៃការបំពេញការងារ លោក យ៉ាវ សានិន អភិបាលស្រុក ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជូនដល់មន្ត្រីរាជការដែលបានចូលរួមទាំង ៥៣នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០ រៀល (សរុបថវិកាឧបត្ថម្ភចំនួន ២,៦៥០,០០០ រៀល) ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត៕
អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន













No comments:
Post a Comment