លោក យ៉ាវ សានិន អភិបាលស្រុកព្រះស្ដេច អញ្ជើញដឹកនាំមន្ត្រីរាជការ នាំយកចង្ហាន់ និងទេយ្យទាន វេរប្រគេនព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តចំនួន២ ក្នុងស្រុកព្រះស្តេច
ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី ឆស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ លោក យ៉ាវ សានិន អភិបាល នៃគណៈអភិបាលស្រុកព្រះស្ដេច បានអញ្ជើញជាអធិបតីដឹកនាំប្រតិភូមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន នាំយកចង្ហាន់ និងទេយ្យទាន ទៅចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តសិរិសាគរ (ដូនស្ដើង) និងវត្តកំពង់សាលា ស្ថិតក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែង។
ក្នុងឱកាសប្រកបដោយទឹកចិត្តជ្រះថ្លានេះ លោកអភិបាលស្រុក និងប្រតិភូរួមដំណើរ បានចូលរួមរៀបចំពិធីរាប់បាត្រ វេរប្រគេនភត្តាហារ និងទេយ្យទានផ្សេងៗ ជូនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅតាមវត្តអារាមទាំងពីរ ដើម្បីឧទ្ទិសនូវកុសលផលបុណ្យ ជូនដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា និងញាតិសន្ដានទាំងប្រាំពីរសណ្ដាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។
ជាមួយគ្នានេះ លោកអភិបាលស្រុក ក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំខេត្ត ជូនចំពោះព្រះសង្ឃ និងបងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ដោយបានសំពះអំពាវនាវឱ្យប្រជាពលរដ្ឋបន្តចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា និងរួមគ្នារក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌនេះ។អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន



















No comments:
Post a Comment