លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ចូលរួម និងដឹកនាំកម្លាំងការពារសន្តិសុខ ក្នុងពិធីផ្តល់ពុទ្ធឱវាទ និងអាហារសាមគ្គី ដល់មន្ត្រីពន្ធនាគារ និងជនជាប់ឃុំ នៅពន្ធនាគារខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ នាថ្ងៃអង្គារ ២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួម និងដឹកនាំកម្លាំងការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ក្នុងពិធីផ្តល់ពុទ្ធឱវាទ និងអាហារសាមគ្គី ដល់មន្ត្រីពន្ធនាគារ និងជនជាប់ឃុំ នៅពន្ធនាគារខេត្តកំពង់ឆ្នាំង។
ពិធីនេះបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី ព្រះបាឡាត់គណៈខេត្តស្តីទី, លោកជំទាវ កែ សួនសុភី ស សុខា, និងលោកជំទាវ ឧកញ៉ា សិរីករុណាបទុមរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន។ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធនាគារ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុកជាច្រើនរូប។
នៅក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី បានប្រោសព្រះទាននូវធម្មទានតាម ពុទ្ធឱវាទ និងការអប់រំផ្នែកផ្លូវចិត្តយ៉ាងជ្រាលជ្រៅ ដល់បងប្អូនជនជាប់ឃុំទាំងអស់ ដោយបានដាស់តឿនក្រើនរំលឹក និងបញ្ជាក់ថា៖
«ការខុសឆ្គងកន្លងមក គឺជាមេរៀន និងជាបទពិសោធន៍ជីវិតដ៏សំខាន់។ អ្វីដែលសំខាន់បំផុតគឺការដឹងខុសត្រូវ ការមានស្មារតីភ្ញាក់រលឹក តាំងចិត្តកែប្រែប្រកបដោយសទ្ធាជ្រះថ្លា ដោយស្វែងរកផ្លូវភ្លឺតាមរយៈព្រះធម៌ វិន័យ និងការធ្វើអំពើល្អ។ ព្រះធម៌នៃព្រះពុទ្ធសាសនា តែងតែបើកឱកាសឱ្យមនុស្សគ្រប់រូបកសាងខ្លួនឡើងវិញ ដើម្បីក្លាយជាពលរដ្ឋល្អ មានប្រយោជន៍ចំពោះគ្រួសារ និងសង្គមជាតិនៅថ្ងៃខាងមុខ»។
ទន្ទឹមនឹងនេះ គណៈអធិបភាព និងថ្នាក់ដឹកនាំ ក៏បានរៀបចំ អាហារសាមគ្គី ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងក្តីអាណិតស្រឡាញ់ ជូនដល់មន្ត្រីពន្ធនាគារ និងជនជាប់ឃុំទាំងអស់ ដើម្បីផ្តល់នូវកម្លាំងចិត្ត និងក្តីសង្ឃឹមក្នុងការរស់នៅ និងការបំពេញភារកិច្ច។
ដើម្បីធានាឱ្យកម្មវិធីទាំងមូលប្រព្រឹត្តទៅដោយរលូន និងមានរបៀបរៀបរយ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានបញ្ជា និងដឹកនាំកម្លាំងជំនាញសហការយ៉ាងសកម្មក្នុងការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈយ៉ាងម៉ឺងម៉ាត់ រហូតពិធីត្រូវបានបញ្ចប់ដោយជោគជ័យ និងប្រកបដោយបរិយាកាសរីករាយ និងមហាសាមគ្គីភាព៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន











































No comments:
Post a Comment