ពិធីបិទការប្រកួតកីឡាមហាជនពានរង្វាន់ព្រះចៅអធិការវត្តសឹម្ពលីប្រឹក្សារការជួរ អបអរសាទរពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅស្រុកព្រះស្តេច
ស្រុកព្រះស្តេច៖ នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ លោកស្រី សេង គន្ធា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកព្រះស្តេច តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ឺ បាវី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកព្រះស្តេច រួមជាមួយ លោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុកព្រះស្តេច បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទការប្រកួតកីឡាមហាជន និងប្រគល់ពានរង្វាន់ព្រះចៅអធិការវត្តសឹម្ពលីប្រឹក្សារការជួរ ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។
ក្នុងឱកាសនោះ លោកស្រី សេង គន្ធា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្តម ហ៊ឺ បាវី ជូនចំពោះព្រះតេជព្រះគុណ ព្រះចៅអធិការវត្ត លោកគ្រូ-អ្នកគ្រូ អាជ្ញាធរដែនដី កីឡាករ-កីឡាការិនី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួម។
លោកស្រីបានគូសបញ្ជាក់ថា «ការរៀបចំការប្រកួតកីឡានាពេលនេះ មិនត្រឹមតែបង្កើតបរិយាកាសរីករាយ និងសាមគ្គីភាពក្នុងសហគមន៍នាឱកាសបុណ្យភ្ជុំបិណ្ឌប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមលើកកម្ពស់វិស័យកីឡា សុខភាព និងការចៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ ជាពិសេសគ្រឿងញៀននៅក្នុងមូលដ្ឋានផងដែរ»។ លោកស្រីក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីកីឡា ភាពស្មោះត្រង់ និងការគោរពវិន័យបានយ៉ាងល្អប្រសើររបស់ក្រុមកីឡាករទាំងអស់ក្នុងអំឡុងពេលប្រកួត។
បន្ទាប់ពីការប្រកួតបានបញ្ចប់ដោយលទ្ធផលបច្ចេកទេស និងបរិយាកាសស្និទ្ធស្នាល គណៈអធិបតីបានអញ្ជើញប្រគល់ពានរង្វាន់ មេដៃមាស មេដៃប្រាក់និងមេដៃសំរឹទ្ធ រង្វាន់លើកទឹកចិត្តដល់ក្រុមកីឡាបាល់ទាត់ជ័យលាភីចំនួន ៤ ក្រុម រួមមាន៖
ក្រុមជ័យលាភីលេខ១៖ ទទួលបានពានរង្វាន់ជើងឯក មេដៃមាស និងថវិកា ១.៥០០.០០០ រៀល
ក្រុមជ័យលាភីលេខ២៖ ទទួលបានមេដៃប្រាក់ និងថវិកា ១.០០០.០០០ រៀល
ក្រុមជ័យលាភីលេខ៣៖ ទទួលបានមេដៃសំរឹទ្ធ និងថវិកា ៥០០.០០០ រៀល
បន្ថែមពីនេះ កម្មវិធីក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់ប្រតិបត្តិកររៀបចំការប្រកួត រួមមាន៖
ពិធីករ៖ ទទួលបានថវិកា ៨០០.០០០ រៀល
គណៈកម្មការអាជ្ញាកណ្តាល៖ ទទួលបានថវិកា ២.០០០.០០០ រៀល
(ចំណាយសរុបក្នុងកម្មវិធីប្រកួត៖ ៩.៣៥០.០០០ រៀល)
ដើម្បីគាំទ្រ និងបង្កើនភាពអធិកអធមដល់កម្មវិធី ថ្នាក់ដឹកនាំបានចូលរួមឧបត្ថម្ភថវិកាបន្ថែម រួមមាន៖
ឯកឧត្តម ហ៊ឺ បាវី (តាមរយៈលោកស្រី សេង គន្ធា) ឧបត្ថម្ភថវិកាចំនួន ៥.០០០.០០០ រៀល
លោកស្រី សេង គន្ធា ឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ៥០០.០០០ រៀល
លោក យ៉ាវ សានិន អភិបាលស្រុកព្រះស្តេច ឧបត្ថម្ភថវិកាចំនួន ៥០០.០០០ រៀល
ពិធីបិទការប្រកួតកីឡាមហាជននេះបានបញ្ចប់ទៅដោយបរិយាកាសរីករាយ ស្និទ្ធស្នាល និងពោរពេញដោយស្នាមញញឹម ព្រមទាំងការចងចាំដ៏ល្អប្រសើរសម្រាប់ប្រជាពលរដ្ឋក្នុងស្រុកព្រះស្តេចទាំងមូល៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន









































No comments:
Post a Comment