ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណ:អភិបាលខេត្តតាកែវ , ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ អញ្ជើញចូលរួមក្នុងពិធីសំណេះដំណាលជាមួយនិវត្តន៍ជន និងអតីតយុទ្ធជន ១,៤៦៤នាក់ មកពីស្រុកចំនួន៣ ក្នុងខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
ស្រុកព្រៃកប្បាស៖ នារសៀលថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦ នេះ ពិធីសំណេះសំណាលជាមួយនិវត្តន៍ជន និងអតីតយុទ្ធជន សរុបចំនួន ១,៤៦៤នាក់ មកពីស្រុកព្រៃកប្បាស ស្រុកអង្គរបូរី និងស្រុកសំរោង ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធម នៅបរិវេណសាលាស្រុកព្រៃកប្បាស ខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ។
ពិធីនេះក៏មានការអញ្ជើញចូលរួមជាកិត្តិយសពី ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងអាជ្ញាធរដែនដី មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជាច្រើនរូបទៀត។
យោងតាមរបាយការណ៍ និវត្តន៍ជន និងអតីតយុទ្ធជនដែលបានអញ្ជើញចូលរួមនាឱកាសនោះ រួមមាន៖
ស្រុកព្រៃកប្បាស៖ ចំនួន ៦១៥ នាក់
ស្រុកសំរោង៖ ចំនួន ៦៣០ នាក់
ស្រុកអង្គរបូរី៖ ចំនួន ២១៩ នាក់
មានប្រសាសន៍ស្វាគមន៍និងសំណេះសំណាលនាឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានបង្ហាញក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តគាំទ្រ និងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មិនដែលភ្លេចឡើយនូវគុណបំណាច់ដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជន ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងអាយុជីវិត ដើម្បីបុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិរហូតមកដល់បច្ចុប្បន្ន។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹក និងការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូននិវត្តន៍ជន និងអតីតយុទ្ធជនទាំងអស់។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគុណបំណាច់យ៉ាងធំធេង និងការលះបង់ដ៏ខ្ពង់ខ្ពស់របស់បងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជន ដែលបានខិតខំប្រឹងប្រែងរំដោះប្រទេសជាតិ បម្រើជាតិ មាតុភូមិ និងប្រជាជន ព្រមទាំងបានចូលរួមយ៉ាងសកម្មក្នុងការកសាង និងការពារសុខសន្តិភាពនាពេលកន្លងមក។
ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលជានិច្ចកាលតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅ សុខុមាលភាព និងអត្ថប្រយោជន៍ផ្សេងៗរបស់អតីតយុទ្ធជន និងនិវត្តន៍ជនទាំងអស់នៅទូទាំងប្រទេស។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ក៏បានជម្រាបជូនអំពីសមិទ្ធផលធំៗជាច្រើនរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អតីតយុទ្ធជន និងនិវត្តន៍ជនទាំងអស់ បន្តរួបរួមគ្នារក្សាសុខសន្តិភាព និងចូលរួមយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែរីកចម្រើនតទៅមុខទៀត៕
ប្រភព.រដ្ឋបាលខេត្តតាកែវ



















No comments:
Post a Comment