ស្នងការដ្ឋាននគរបាលខេត្តកណ្តាល រៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីនគរបាលជាតិ ចូលបម្រើការងារនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ប្រកបដោយតម្លាភាព និងយុត្តិធម៌ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល រៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីនគរបាលជាតិ ចូលបម្រើការងារនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ប្រកបដោយតម្លាភាព និងយុត្តិធម៌

 


ស្នងការដ្ឋាននគរបាលខេត្តកណ្តាល រៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីនគរបាលជាតិ ចូលបម្រើការងារនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ប្រកបដោយតម្លាភាព និងយុត្តិធម៌


​ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ឱ្យចូលបម្រើការងារនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ ចំណុះស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រព្រឹត្តទៅដោយរលូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តម្លាភាព និងយុត្តិធម៌។
​ការប្រឡងប្រជែងនេះ ត្រូវបានរៀបចំឡើងដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងគោលបំណងពង្រឹងកម្លាំងនគរបាលនៅថ្នាក់មូលដ្ឋាន ឱ្យកាន់តែមានសមត្ថភាព គុណភាព និងប្រសិទ្ធភាពខ្ពស់ ក្នុងការបម្រើប្រជាពលរដ្ឋ។

​ពិធីប្រឡងនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឱ សំណាង តំណាងអគ្គនាយកដ្ឋានធនធានមនុស្ស ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ ភិធេយ្យ សុភរ័ត្ន តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ និង លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងជាអនុគណៈកម្មការប្រឡង ព្រមទាំងមានការចូលរួមយ៉ាងសកម្មពីសំណាក់គណៈកម្មការ និងអនុរក្សជាច្រើនរូបទៀត។

​នៅក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឱ សំណាង គណៈអធិបតី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយបានគូសបញ្ជាក់ថា៖

​«ការប្រឡងប្រជែងនាពេលនេះ គឺជាកិច្ចការសំខាន់ក្នុងការជ្រើសរើសធនធានមនុស្សដែលមានសមត្ថភាព ឆន្ទៈ និងវិជ្ជាជីវៈពិតប្រាកដ ដើម្បីចូលរួមបម្រើជាតិ និងប្រជាជន។ គណៈកម្មការ និងអនុរក្សទាំងអស់ត្រូវបន្តអនុវត្តភារកិច្ចដោយស្មោះត្រង់ ផ្អែកលើគោលការណ៍ច្បាប់ តម្លាភាព និងយុត្តិធម៌ជាចម្បង ដើម្បីធានាថាអ្នកដែលជាប់ការប្រឡង គឺជាបេក្ខជនដែលមានសមត្ថភាពពិតប្រាកដ»។


​ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក៏បានមានប្រសាសន៍សង្កត់ធ្ងន់ និងណែនាំបន្ថែមដល់បេក្ខជនទាំងអស់ឱ្យខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដោយគោរពតាមបទបញ្ជាផ្ទៃក្នុងនៃការប្រឡងឱ្យបានខ្ជាប់ខ្ជួន។ លោកឧត្តមសេនីយ៍ទោ ស្នងការ បានបន្តថា៖

​«ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ គឺជាបង្អែក និងជាច្រកចេញចូលដ៏សំខាន់ជិតស្និទ្ធបំផុតជាមួយប្រជាពលរដ្ឋ។ ដូច្នេះ ការបន្ថែមរូបវន្តបុគ្គល និងធនធានមនុស្សដែលមានគុណភាពនាពេលនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ស្របតាមគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់»។

​ដំណើរការប្រឡងពេញមួយព្រឹកនេះ បានប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ មានរបៀបរៀបរយល្អប្រសើរ និងស្របតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់ទុក៕

ប្រភព.ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល
























No comments:

Post a Comment

Pages