ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ និងលោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តវាលស្បូវ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងលោកជំទាវ និងក្រុមគ្រួសារ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តវាលស្បូវ ដែលស្ថិតនៅក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ពិធីបុណ្យបែបសាសនានេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មន្ត្រីនគរបាលក្រោមឱវាទ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ ដោយស្មារតីជ្រះថ្លា និងសាមគ្គីភាព។
នៅក្នុងឱកាសនោះ ឯកឧត្ដម និងលោកជំទាវ ព្រមទាំងប្រតិភូរួមដំណើរ បានរៀបចំប្រកបដោយពិធីរាប់បាត្រ វេរភត្តាហារ ប្រកេនទេយ្យទាន និងបច្ច័យបូជាចំពោះព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា និងញាតិការទាំងប្រាំពីរសណ្ដានតាមប្រពៃណីព្រះពុទ្ធសាសនា។
ការអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌនេះ មិនត្រឹមតែជាការបំពេញកុសលតាមបែបសាសនានោះទេ ប៉ុន្តែថែមទាំងស្តែងឲ្យឃើញពីការយកចិត្តទុកដាក់ និងការរួមចំណែកយ៉ាងសកម្មរបស់កងកម្លាំងនគរបាលជាតិ ក្នុងការថែរក្សា លើកស្ទួយប្រពៃណីទំនៀមទម្លាប់ជាតិ និងជួយទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យកាន់តែមានភាពរុងរឿងជានិច្ចនិរន្តរ៍៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន




























No comments:
Post a Comment