ឯកឧត្តម សួន សុម៉ាលីន ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងចុះត្រួតពិនិត្យទីតាំងផ្ទាល់ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងទូក «ង» ខេត្តព្រៃវែង ឆ្នាំ២០២៦
ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការនីមួយៗ ក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងទូក «ង» ខេត្តព្រៃវែង ឆ្នាំ២០២៦ ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង «B» សាលាខេត្តព្រៃវែង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត, លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត, មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី, ប្រធានពន្ធនាគារខេត្ត, លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, អភិបាល នៃគណៈអភិបាលក្រុង-ស្រុកទាំង១៣, នាយកទីចាត់ការ ប្រធានអង្គភាព និងប្រធានផ្នែកចំណុះសាលាខេត្ត ព្រមទាំងតំណាងក្រុមហ៊ុនសំណង់ ឈ្នះ ឈ្នះ, តំណាងក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី (Vattanac Brewery) និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អនុគណៈកម្មការនីមួយៗ ដែលបានបំពេញភារកិច្ចនាពេលកន្លងមក។ ជាមួយគ្នានេះ ដើម្បីឱ្យព្រឹត្តិការណ៍ប្រណាំងទូកប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាព និងទទួលបានជោគជ័យខ្ពស់ ឯកឧត្តមអភិបាលខេត្ត បានផ្តល់អនុសាសន៍ និងណែនាំដល់ផ្នែកពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួន រួមមាន៖
១. សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ៖ កងកម្លាំងប្រដាប់អាវុធទាំងបីត្រូវសហការគ្នាយ៉ាងម៉ឹងម៉ាត់ក្នុងការការពារសុវត្ថិភាព រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកម្សាន្តឱ្យបានល្អប្រសើរ។
២. អនាម័យ និងបរិស្ថាន៖ អាជ្ញាធរក្រុង-ស្រុក និងមន្ទីរជំនាញត្រូវយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាអនាម័យ បរិស្ថាន ការរៀបចំធុងសំរាម និងការសម្អាតទីតាំងប្រារព្ធពិធីជាប្រចាំ។
៣. សង្គ្រោះបន្ទាន់ និងសុខាភិបាល៖ មន្ទីរសុខាភិបាលត្រូវរៀបចំក្រុមគ្រូពេទ្យ និងរថយន្តសង្គ្រោះបន្ទាន់ប្រចាំការ ដើម្បីត្រៀមអន្តរាគមន៍ជួយសង្គ្រោះ និងពិនិត្យព្យាបាលជំងឺជូនកីឡាករ និងប្រជាពលរដ្ឋបានទាន់ពេលវេលា។
៤. ការតុបតែង និងការកម្សាន្ត៖ ត្រូវរៀបចំលម្អភ្លើងពណ៌ ឆាកតន្ត្រី ស្តង់ពិព័រណ៍ និងការបាញ់កាំជ្រួច ដើម្បីបង្កើតបរិយាកាសរីករាយ និងទាក់ទាញភ្ញៀវទេសចរមកកម្សាន្តឱ្យបានច្រើនកុះករ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ឯកឧត្តម សួន សុម៉ាលីន រួមជាមួយថ្នាក់ដឹកនាំខេត្ត និងក្រុមការងារគណៈកម្មការរៀបចំព្រឹត្តិការណ៍ បានអញ្ជើញចុះពិនិត្យទីតាំងប្រកួត និងទីតាំងរៀបចំពិធីផ្ទាល់ នៅតាមបណ្តោយដងទន្លេមុខសាលាខេត្ត ដើម្បីពិនិត្យមើលការរៀបចំហេដ្ឋារចនាសម្ព័ន្ធ បច្ចេកទេស និងការរៀបចំស្តង់ផ្សេងៗ ឱ្យបានរួចរាល់ជាស្រេច មុនថ្ងៃព្រឹត្តិការណ៍ផ្លូវការចូលមកដល់។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រណាំងទូក «ង» ខេត្តព្រៃវែង ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ ដោយមានការប្រកួតប្រជែងទូក «ង» មកពីតាមបណ្តាក្រុង-ស្រុក មន្ទីរ-អង្គភាព និងសប្បុរសជន ព្រមទាំងមានការសម្តែងសិល្បៈ និងការតាំងពិព័រណ៍ផលិផលផ្សេងៗផងដែរ៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន













































No comments:
Post a Comment