ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាពីព្រះសង្ឃវត្តភ្នំដា និងវត្តភ្នំបូរី សម្រាប់ឧបត្ថម្ភដល់កងកម្លាំងជួរមុខការពារព្រំដែន
តាកែវ៖ នៅថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញទទួលយកនូវនំអន្សម គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ដែលជាសទ្ធាជ្រះថ្លារបស់ព្រះសង្ឃគង់នៅវត្តភ្នំដា និងវត្តភ្នំបូរី ស្ថិតក្នុងស្រុកអង្គរបូរី ខេត្តតាកែវ។ អំណោយជាសប្បុរសធម៌ទាំងនេះ គឺសម្រាប់ប្រគល់ជូន និងលើកទឹកចិត្តដល់កងកម្លាំងជួរមុខនៃវីរជនកងទ័ពការពារព្រំដែន កម្ពុជា-ថៃ។
ក្នងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរស និងស្មារតីស្រឡាញ់ជាតិមាតុភូមិរបស់ព្រះសង្ឃគ្រប់ព្រះអង្គ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងរួមចំណែកគាំទ្រដល់អាជ្ញាធរ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធដែលកំពុងបំពេញបេសកកម្មការពារជាតិ។
ទឹកចិត្តដ៏ថ្លៃថ្លានេះ ពិតជាបានរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុស្នេហាជាតិ និងបង្ហាញពីភាពរួបរួមគ្នាជាធ្លង់មួយ នៃខឿនការពារជាតិ ការពារអធិបតេយ្យជាតិ និងការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើងឱ្យបានគង់វង្ស៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន






No comments:
Post a Comment