សម្ដេចក្រឡាហោម ស ខេង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន
ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងពិធីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង។
ពិធីបុណ្យនេះត្រូវបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅគេហដ្ឋានគ្រួសារនៃសព ស្ថិតនៅក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសាច់ញាតិយ៉ាងច្រើនកុះករ។
សូមបញ្ជាក់ថា ឯកឧត្តម ខាន់ ម៉ាណេរ បានទទួលមរណភាពកាលពីថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០០:៤៨ នាទីរំលងអាធ្រាត្រ ក្នុងជន្មាយុ ៧០ ឆ្នាំ ដោយរោគាពាធ។ មរណភាពរបស់ឯកឧត្តម គឺជាការបាត់បង់ឥស្សរជនរូបសំខាន់មួយរូប ដែលបានបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនដោយស្មោះត្រង់នាពេលកន្លងមក៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន









































No comments:
Post a Comment