ខេត្តតាកែវ ៖ នារសៀលថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានអញ្ជើញដឹកនាំមន្ត្រីនគរបាលក្រោមឱវាទ ចូលរួមក្នុងពិធីសូត្រមន្ត វេរភត្តាហារ និងប្រគេនបច្ច័យបង្សុកូលថ្វាយព្រះសង្ឃ ដើម្បីបញ្ចប់វេនកាន់បិណ្ឌទី៨ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦។
ពិធីបុណ្យប្រពៃណីនេះ ត្រូវបានប្រារព្ធឡើងដោយសទ្ធាជ្រះថ្លា ស្ថិតនៅវត្តមង្គលមានលក្ខណ៍ ភូមិត្រពាំងស្វាយ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។ ការរៀបចំពិធីនេះ ធ្វើឡើងក្នុងគោលបំណងឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន ញាតិសន្តានដែលបានចែកឋានទៅកាន់បរលោក និងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ថ្នាក់ដឹកនាំ កងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្ត ក៏ដូចជាទូទាំងប្រទេសកម្ពុជា៕
ការចូលរួមក្នុងពិធីកាន់បិណ្ឌនេះ មិនត្រឹមតែជាការបំពេញកាតព្វកិច្ចក្នុងនាមជាពុទ្ធសាសនិកជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានស្តែងឱ្យឃើញពីការចូលរួមយ៉ាងសកម្មក្នុងការថែរក្សា ការពារ និងលើកស្ទួយប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ជាតិឱ្យបានគង់វង្ស និងរីកចម្រើនជាភិយ្យោភាពតទៅមុខទៀត៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន

























































No comments:
Post a Comment