លោកឧត្តមសេនីយ៍ទោ ម៉ែន លី ជម្រុញឲ្យការិយាល័យជំនាញ និងអធិការនគរបាលក្រុង-ស្រុកទាំង១០ ត្រូវគ្រប់គ្រងកម្លាំងរបស់ខ្លួនឲ្យបានល្អ ជាពិសេសពង្រឹងការបង្រ្កាបបទល្មើសគ្រប់ប្រភេទ
https://police.gov.kh/?p=185145
តាកែវ៖ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានជម្រុញឲ្យការិយាល័យជំនាញ និងអធិការនគរបាលក្រុង-ស្រុកទាំង១០ ត្រូវគ្រប់គ្រងកម្លាំងរបស់ខ្លួនឲ្យបានល្អ និងជំរុញឱ្យមានភាពសកម្មការងារ ក្នុងការទទួលខុសត្រូវចំពោះតួនាទី ភារកិច្ចរបស់ខ្លួន ជាពីសេសត្រូវបន្តពង្រឹង ការល្បាតពួនស្ទាក់នៅកន្លែងដែលស្មុគស្មាញ ដើម្បីបង្ក្រាបបទល្មើសគ្រប់ប្រភេទដូចជា៖ ក្មេងទំនើង គ្រឿងញៀន ល្បែងស៊ីសង ជាពិសេសការបង្ក្រាបបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) និងត្រួតពិនិត្យ បង្ក្រាបការលួចលាក់ចូលមកស្នាក់នៅ របស់ជនបរទេសដោយខុសច្បាប់ ផងដែរ។
ការថ្លែងរបស់ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរយៈពេល ៩ ខែឆ្នាំ ២០២៦ និងលើកទិសដៅអនុវត្តបន្តក្រោមនៅសាលប្រជុំធំស្នងការដ្ឋាននគរបាលខេត្តការកែវពីព្រឹកថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៦ ស្នងការដ្ឋាននគរបាលខេត្តតាកែវ។
ទន្ទឹមនឹងការជម្រុញដល់កម្លាំងជំនាញ និងអធិការក្រុង-ស្រុក លោក ឧត្តមសេនីយ៍ទោ ម៉ែន លី ក៏មិនភ្លេចថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់កងកម្លាំងទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលកន្លងមកបានបំពេញតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពបានល្អជូនប្រជាពលរដ្ឋាក្នុងមូលដ្ឋាន ក៏ដូចសង្គមជាតិ។
លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ក៏បានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ ត្រូវបង្កើនការងារផ្សព្វផ្សាយ គោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព តាមរយៈការធ្វើវេទិការសាធារណ ដល់មហាជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីលើកកម្ពស់ការយល់ដឹង និងចូលរួមអនុវត្តឱ្យមានលទ្អផលល្អប្រសើរ ដើម្បីចូលរួមសហការ បង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ តាមផែនការយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលនីតិកាលទី៧។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រីស្នងការរង, លោកនាយការិយាល័យទាំង៣៣, លោក លោកស្រីនាយរងការិយាល័យ, លោក លោកស្រីនាយផ្នែក, លោកអធិការ លោកអធិការរងនគរបាលស្រុក-ក្រុងទាំង១០, លោកមេបញ្ជាការ មេបញ្ជាការរងវរសេនាតូចការពារព្រំដែនគោក៦០៣, លោកនាយប៉ុស្តិ៍ការពារព្រំដែន, លោកនាយប៉ុស្តិ៍ច្រកទ្វារទ្វេភាគីកំពង់ក្រសាំង, លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំ១០០ និងមន្រ្តីពាក់ព័ន្ធ៕

















No comments:
Post a Comment