អភិបាលកំពង់ស្ពឺបើកការដ្ឋានស្ថាបនា ជួសជុលនិងថែទាំមកកំណាត់ផ្លូវលេខ១៣០Aដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរនិងដឹកជញ្ជូន
កំពង់ស្ពឺ៖ដោយមើលឃើញថាផ្លូវថ្នល់ គឺជាសរសៃឈាមដែលពុំអាចខ្វះបានក្នុងការសម្រួលដល់ការធ្វើដំណើរ ដឹកកសិផល សិស្សានុសិស្សទៅសាលារៀន មន្ទីរពេទ្យ វត្តអារាម នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦នេះ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងមន្ទីរជំនាញអង្គភាពពាក់ព័ន្ធបើកការដ្ឋានស្ថាបនាផ្លូវ១៣០A ឆ្លងកាត់ឃុំព្រៃញាតិ ឃុំវាល ស្រុកគងពិសី ។
លោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដើម្បីជំរុញសេដ្ឋកិច្ចឱ្យមានការរីកចម្រើនប្រសើរឡើង និងសម្រួលដល់ការចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ មន្ទីរបាននិងកំពុងជំរុញការស្ថាបនា ជួសជុលកែលំអរ ថែទាំកំណាត់ផ្លូវមួយចំនួននៅក្នុងខេត្តដែលកំពុងរងការខូចខាត។ក្នុងនោះមន្ទីរបានស្ថាបនាផ្លូវលេខ១៣០A ដោយក្រាលកៅស៊ូ DBSTប្រវែង៥,៥គីឡូម៉ែត្រ ទទឹង៧ម៉ែត្រ និងចិញ្ចើមដីល្បាយថ្មទទឹង១ម៉ែត្រសងខាង គូសគំនូសសញ្ញាចរាចរណ៍ ផ្លូវនេះក៏មានការចូលរួមថវិកា សម្ភារៈពីក្រុមហ៊ុនចំនួន៤ ក្រុមហ៊ុន អ៊ិត ធី ស៊ីអេចស៊ី ហ៊ុន លាង គឹម ស្រី និងស្ថាបនាឱ្យរួចក្នុងរយៈពេល៤ខែខាងមុននេះ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងថាពិធីបើកការដ្ឋានដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ“សុខសន្តិភាព”ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ពាក់ព័ន្ធនិងការស្ថាបនា ជួសជុល ថែទាំនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺក្នុងឱកាសចុះពិនិត្យការដ្ឋានកន្លងមកក៏បានណែនាំដល់មន្ត្រីបច្ចេកទេស ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ត្រូវតែយកចិត្តទុកដាក់ខ្ពស់ លើគុណភាពជាចម្បង ដោយរាល់ការស្ថាបនា ឬជួសជុលឡើងវិញ ត្រូវតែធ្វើឡើងតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ រឹងមាំ និងមានប្រព័ន្ធរំដោះទឹកច្បាស់លាស់ ដើម្បីធានាឱ្យផ្លូវអាចប្រើប្រាស់បានយូរអង្វែង មិនមែនធ្វើហើយខូចនោះឡើយ។មួយវិញទៀត មន្ត្រីជំនាញត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានតាមដាននិងត្រួតពិនិត្យជាប្រចាំនូវរាល់ប្រព័ន្ធលូ និងប្រឡាយរំដោះទឹកតាមសងខាងផ្លូវ ដោយមិនត្រូវទុកឱ្យមានការកកស្ទះដោយសារសម្រាម ឬដីខ្សាច់ឡើយ ព្រោះជំនន់ទឹកភ្លៀងគឺជាសត្រូវធំបំផុតរបស់ផ្លូវថ្នល់។រឹតបន្តឹងលើការត្រួតពិនិត្យរថយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរឆ្លងកាត់ត្រូវអនុវត្តច្បាប់ និងផាកពិន័យឱ្យបានម៉ឺងម៉ាត់បំផុតចំពោះយានយន្តណាដែលផ្ទុកលើសទម្ងន់កំណត់៕
អត្ថបទ៖ស៊ាន ស៊ីម





































No comments:
Post a Comment