អនុសាខាកាកបាទក្រហមស្រុកត្រាំកក់ ចុះរំលែកទុក្ខ និងនាំយកអំណោយជូនគ្រួសារកុមាររងគ្រោះលង់ទឹកស្លាប់ នៅឃុំលាយបូរ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

អនុសាខាកាកបាទក្រហមស្រុកត្រាំកក់ ចុះរំលែកទុក្ខ និងនាំយកអំណោយជូនគ្រួសារកុមាររងគ្រោះលង់ទឹកស្លាប់ នៅឃុំលាយបូរ

 


អនុសាខាកាកបាទក្រហមស្រុកត្រាំកក់ ចុះរំលែកទុក្ខ និងនាំយកអំណោយជូនគ្រួសារកុមាររងគ្រោះលង់ទឹកស្លាប់ នៅឃុំលាយបូរ


តាកែវ៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោក ទូច ចន្ធី ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកត្រាំកក់ តំណាង លោក ហ៊ត មនោ អភិបាលស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុក ព្រមទាំងជាតំណាង ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ដោយមានការចូលរួមពីអាជ្ញាធរឃុំលាយបូរ បានអញ្ជើញចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសពកុមារ មិត្ត ម៉ានីកូ អាយុ ១៥ខែ ដែលបានទទួលមរណភាពដោយសារគ្រោះថ្នាក់លង់ទឹក កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ ស្ថិតនៅភូមិព្រៃធាតុ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងឱកាសនោះ លោក ទូច ចន្ធី និងក្រុមការងារ បានសម្តែងនូវការសោកស្តាយជាពន់ពេកជាមួយគ្រួសារសព ចំពោះការបាត់បង់បុត្រធីតាជាទីស្រឡាញ់ទាំងវ័យក្មេង។ ជាមួយគ្នានេះ ក្រុមការងារបាននាំយកអំណោយមនុស្សធម៌ និងថវិកាមួយចំនួនរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ប្រគល់ជូនគ្រួសារសព ដើម្បីសម្រាលបន្ទុកជីវភាព និងការចំណាយក្នុងពិធីបុណ្យតាមប្រពៃណី។

សកម្មភាពនេះ បានស្តែងឱ្យឃើញពីស្មារតីយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាជ្ញាធរដែនដី និងកាកបាទក្រហមកម្ពុជា ដែលតែងតែចុះជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា ស្របតាមបេសកកម្ម “ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។

ជាមួយគ្នានេះដែរ ក្រុមការងារក៏បានបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធកុមាររងគ្រោះបានទៅកាន់សុគតិភព និងបានអំពាវនាវដល់អាណាព្យាបាលទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះកុមារតូចៗ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ៕






No comments:

Post a Comment

Pages