លោក ភុំ ផល នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រចាំខែកញ្ញា ឆ្នាំ២០២៦
តាកែវ៖ នាវេលារសៀល ថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំមមី ឆស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំតូចរដ្ឋបាលខេត្តតាកែវ មានរៀបចំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារប្រចាំខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ភុំ ផល នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី នាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត
ប្រធានការិយាល័យចំណុះទីចាត់ការរដ្ឋបាលសាលាខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
អង្គប្រជុំបានផ្តោតលើរបៀបវារៈសំខាន់ដូចជា ពិនិត្យឡើងវិញនូវលទ្ធផលការងារដែលទីចាត់ការ និងការិយាល័យចំណុះសម្រេចបានក្នុងប្រចាំខែកញ្ញា ឆ្នាំ២០២៦ ស្របតាមផែនការសកម្មភាពដែលបានកំណត់ហើយលើកយកនូវបញ្ហាប្រឈម ឧបសគ្គ និងសំណូមពរនានាដែលកើតមានឡើងក្នុងដំណើរការប្រតិបត្តិការងារកន្លងមក មកពិភាក្សាផ្លាស់ប្តូរយោបល់ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងមានប្រសិទ្ធភាព រួមទាំងកំណត់នូវផែនការសកម្មភាព និងវិធានការគន្លឹះៗសម្រាប់អនុវត្តក្នុងខែបន្ទាប់ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល និងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែមានភាពរលូន និងទាន់ពេលវេលា។
ជាលទ្ធផល លោក ភុំ ផល នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ព្រមទាំងបានផ្តល់អនុសាសន៍ណែនាំបន្ថែម ដល់ការិយាល័យចំណុះនីមួយៗ ត្រូវបន្តពង្រឹងស្មារតីទទួលខុសត្រូវ កិច្ចសហការ និងសាមគ្គីភាពផ្ទៃក្នុង ដើម្បីបម្រើការងារជូនរដ្ឋបាលខេត្តឲ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរថែមទៀត៕អត្ថបទការិយាល័យព័ត៌មាន លោក ឃិន ជុន

















No comments:
Post a Comment