លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្ត
ខេត្តឧត្តរមានជ័យ ៖ ថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងកានៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំកញ្ញា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្ត ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រី ស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាល ក្រុង/ស្រុកទាំង៥ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២៤ប៉ុស្ដិ៍ និងមន្រ្ដីជំនាញពាក់ព័ន្ធ។
ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ទោ ស្នងការ បានអនុញ្ញាតអោយ លោកវរសេនីយ៍ទោ សន សាវ៉ុង នាយការិយាល័យសរុបផែនការ អានរបាយការណ៍បូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកញ្ញា ឆ្នាំ២០២៦ ជូនអង្គពិធី បន្ទាប់មក លោកឧត្តមសេនីយ៍ត្រី រៀម សរ ស្នងការរងផែនការងាសេនាធិកា ផ្សព្វផ្សាយអំពើ ផែនការការពារ ពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះ បោះឆ្នោត ។
ក្នុងឱកាសនេះផងដែល លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានដាក់នូវចេញបទបញ្ជាដល់កម្លាំងនគរបាលជំនាញ កម្លាំងគរបាលតាមបណ្ដាក្រុង/ស្រុក នគរបាលប៉ុស្តិ៍រដ្ឋបាលគ្រប់ឃុំ/សង្កាត់ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អ ជាពិសេសកម្លាំងជំនាញផែនការងារអត្ដសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្ដ កម្លាំងជំនាញផ្នែកអត្ដសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលក្រុង-ស្រុក បន្ដធ្វើអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពង្រឹងទប់ស្កាត់ការប្រមូលផ្តុំ ការស្នាក់នៅខុសច្បាប់របស់ជនបរទេស ពង្រឹងការទប់ស្កាត់ online Scams តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល រួមទាំងការប្រមូលផ្តំជនអន្តោប្រវេសន៍ អោយខានតែបាន និងមុឺងមាត់បំផុត ពង្រឹងការងារយាមល្បាត ប្រចាំការ២៤ម៉ោង/២៤ម៉ោង ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម បន្តស្រាវជ្រាវបង្ការបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ គ្រឿងញៀន និងក្មេងទំនើង ដើម្បីឲ្យភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាពពិតប្រាកដ៕
ជាចុងបញ្ចប់នៃកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោស្នងការ បានជូនពរដល់កងកម្លាំង ទាំងអស់សូមឱ្យមានសុភាពល្អ ជោគជ័យគ្រប់ភារកិច្ច សូមអោយមានកត្តាសាមគ្គីភាពគ្នាក្នុងអង្គភាព និងទទួលបាននូវពុទ្ធិពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើង៕
រូបភាព និងអត្ថបទ: ការិយាល័យផ្សព្វផ្សាយអប់រំ
Telegram_: https://t.me/policeoddarmeanchey














































No comments:
Post a Comment