លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្ដីពីកិច្ចសហប្រតិបត្តិការ ធានាសន្តិសុខ សណ្ដាប់ធ្នាប់តំបន់ព្រំដែន រវាងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ស្វាយរៀង និងត្បូងឃ្មុំ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយមន្ទីរនគរបាលខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ខេត្តព្រៃវែង÷ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការធានាសន្តិសុខ សណ្ដាប់ធ្នាប់តំបន់ព្រំដែន រវាងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៃព្រះរាជាណាចក្រកម្ពុជា ជាមួយមន្ទីរនគរបាលខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងឱកាសនោះដែរ ក៏ទទួលបានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ត្រី ឆាយ សុខា អនុប្រធាននាយកដ្ឋានទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា- វៀតណាម នៃអគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តស្វាយរៀងនិងគណៈប្រតិភូ ព្រមទាំងលោក ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តត្បូងឃ្មុំរួមជាមួយគណៈប្រតិភូផងដែរ ដោយខាងភាគីខេត្តតៃនិញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វូ ញឹ ហា នាយកនគរបាលខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។
ក្នុងកិច្ចប្រជុំនេះ ភាគីទាំងអស់ បានឯកភាពគ្នា និងចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមតំបន់ព្រំដែនខេត្តទាំងអស់ នឹងបានដាក់ទិសដៅអនុវត្តការងារបន្តរវាងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ (កម្ពុជា) និងខេត្តតៃនិញ(វៀតណាម) ដោយអនុវត្តខ្លឹមសារសហប្រតិបត្តិការ ធានាសន្តិសុខសណ្ដាប់ធ្នាប់ តាមតំបន់ព្រំដែន នៃភាគីទាំងអស់ ចូលរួមសហការដោះស្រាយរាល់ឧបទ្ទវហេតុ នានា ដែលកើតឡើងមានឡើងនៅតាមតំបន់ព្រំដែនអោយមានសុវត្ថិភាព និងសន្តិភាព រួមគ្នាយ៉ាងស្អិតរមួតនាពេលកន្លងមក ។
មិនតែប៉ុណ្ណោះ ខេត្តទាំងអស់រួមមាន÷ ព្រៃវែង ស្វាយរៀង និងត្បូងឃ្មុំ- តៃនិញ ក៏មានព្រំប្រទល់ជាប់គ្នា ធ្លាប់មានប្រពៃណីជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដែលនាំឱ្យយើងរក្សាបានយ៉ាងល្អប្រសើរ នូវចំណងមិត្តភាព សាមគ្គីភាព និងប្រែក្លាយខេត្តទាំងអស់ឲ្យមានការរីកចម្រើន និងការអភិវឌ្ឍន៍ បន្ថែមទៀត។ មុននឹងបញ្ចប់កិច្ចប្រជុំនេះដែរ ប្រធានគណៈប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តទាំងបី នៃភាគី(កម្ពុជា) បានជូនកាដូអនុស្សាវរីយ៍ទៅវិញទៅមកដោយភាពស្និទ្ធស្នាល ឈរលើស្មារតី ឯកភាព សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ ៕អន្ថបទស្នងការដ្ឋាននគរបាលខេត្តព្រៃវែង





































No comments:
Post a Comment