អភិបាលខេត្តកំពង់ស្ពឺដឹកនាំមន្ត្រីក្រោមឱវាទចូលរួមកាន់បិណ្ឌវេនទី២ក្នុងវត្តដំណាក់ត្រាច ដើម្បីឧទ្ទិសកុសលដល់បុព្វការីជននិងវរកងទ័ពដែលពលីក្នុងបុព្វហេតុជាតិ
កំពង់ស្ពឺ៖ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺនិងក្រុមគ្រួសារ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពងស្ពឺ បានដឹកនាំមន្ត្រីរាជការនៅតាមស្ថាប័ន មន្ទីរ អង្គភាពចំណុះ អាជ្ញាធរស្រុក ចូលរួមកាន់បិណ្ឌវេនទី២ នៅវត្តដំណាក់ត្រាច ស្ថិតក្នុងភូមិដំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។
នៅក្នុងឱកាសនោះឯកឧត្តមបណ្ឌិតនិងលោកជំទាវ ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីក្រោមឱវាទបានអុជទៀនធូបប្រគេនគន្ធពិដោរ ថ្វាយបង្គំព្រះពុទ្ធបដិមា និងព្រះសង្ឃ ព្រមទាំងសមាទានសីលរម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញាណនិងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់បានគោរពប្រតិបត្តិជាដ៏រាបរៀងមក និងវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិ។
សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌគឺជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយក្នុងចំណោមពិធីបុណ្យនានា។ក្នុងពិធីបុណ្យនេះ ប្រជាពុទ្ធបរិស័ទនៅទូទាំងប្រទេស តែងតែគោរពប្រតិបត្តិនូវទំនៀមទំលាប់ ប្រកាន់ភ្ជាប់ប្រពៃណីព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យ ធ្វើទាននៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗជារៀងរាល់ឆ្នាំ។ហើយសម្រាប់ឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៦នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៥រោច ខែភទ្របទ ដោយបិណ្ឌ១ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃភ្ជុំបិណ្ឌធំ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃ ខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់កូនចៅ សាច់ញាតិនៅទីជិតឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេស ឪពុកម្ដាយ នៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតិការទាំង៧សណ្តាន រួមមាន មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ គ្រូឧបជ្ឈាយាចារ្យ បុព្វការីជន-បុព្វបុរសជាតិ នាយទាហាន វីរ:កងទ័ព ដែលបានពលីជីវិតបុព្វហេតុការពារទឹកដី និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ ហើយសូមអញ្ជើញមកទទួលយកផល្លានិសង្ឃបានគ្រប់ៗគ្នា។ ក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិត និងលោកជំទាវក៏បានចែកទានដល់យាយជី តាជី និងកងកម្លាំងការពារ ក្មេងៗផងដែរ។
អត្ថបទ:ស៊ាន ស៊ីម













































No comments:
Post a Comment