ពិធីបើកបវេសនកាលកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន ជំនាន់ទី១ នៃគម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP-AF)
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុង «ពិធីបើកបវេសនកាលកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន ជំនាន់ទី១ នៃគម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP-AF)» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំ និងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិក្ខាកាមជាច្រើនរូប។
សូមជម្រាបថា តាមរយៈកម្មវិធីនេះ មហាវិទ្យាល័យអប់រំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ត្រូវទទួលបន្ទុកបណ្ដុះបណ្ដាលគណៈគ្រប់គ្រង និងគ្រូបង្រៀនសរុបជាង ៨ ០០០នាក់ ចាប់ពីកម្រិតបរិញ្ញាបត្ររហូតដល់កម្រិតបណ្ឌិត។ សម្រាប់ពិធីបើកបវេសនកាលនាពេលនេះ មានអ្នកសិក្សាជំនាន់ថ្មីចូលរួមសរុបចំនួន ២ ០៦១នាក់ ក្នុងនោះរួមមាន៖ អ្នកសិក្សាកម្មវិធី BA LUP ចំនួន ៥៧៦នាក់ (ស្រី ១២៩នាក់) និងអ្នកសិក្សាកម្មវិធី BA TUP លើឯកទេសអក្សរសាស្ត្រខ្មែរ ប្រវត្តិវិទ្យា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា ចំនួន ១ ៤៨៥នាក់ (ស្រី ៨០១នាក់)។ ជាមួយគ្នានេះ មានអ្នកសិក្សា BA TUP2 ចំនួន ១ ៤៨៧នាក់ (ស្រី ៨៨២នាក់) និងអ្នកសិក្សាកម្មវិធី BA LUP2 ចំនួន ៥៤៥នាក់ (ស្រី ១៦៧នាក់) បានបំពេញគ្រប់លក្ខខណ្ឌសិក្សា និងបញ្ចប់ការសិក្សាដោយជោគជ័យ ដែលគ្រោងនឹងទទួលសញ្ញាបត្រនៅពេលឆាប់ៗខាងមុខនេះ។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវសេចក្ដីរីករាយដែលបានចូលរួមក្នុងកម្មវិធីនេះ ដែលជាសមិទ្ធផលដ៏ត្រចះត្រចង់នៃកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក ដែលបាននិងកំពុងអនុវត្តយ៉ាងសកម្មដោយផ្ដោតលើសមាសភាគសំខាន់ៗចំនួន ៥ រួមមាន៖ ការពង្រឹងការគ្រប់គ្រងតាមសាលារៀន (SBM) ការកែលម្អគុណភាពនៃការបង្រៀននិងរៀន ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានសិក្សា ការពង្រឹងការវាយតម្លៃ និងប្រព័ន្ធធានាគុណភាព ព្រមទាំងការឆ្លើយតបបន្ទាន់ និងភាពធន់។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីលទ្ធផលជាផ្លូវការនៃការវាយតម្លៃ PISA ឆ្នាំ២០២៥ ដែលកម្ពុជាសម្រេចបាននូវ «ការកែលម្អគួរឱ្យស្ញប់ស្ញែង» នៅលើឆាកអន្តរជាតិ។ ក្នុងនោះ កម្ពុជាទទួលបានកំណើនពិន្ទុផ្នែកវិទ្យាសាស្ត្រ +៥២ពិន្ទុ ធៀបនឹងឆ្នាំ២០១៨ ដែលជាកំណើនខ្ពស់ជាងគេលើពិភពលោក (ស្មើនឹងការសិក្សារយៈពេល ២ឆ្នាំបន្ថែម) ផ្នែកអំណានកើនឡើង +២៦ពិន្ទុ និងផ្នែកគណិតវិទ្យាកើនឡើង +៤១ពិន្ទុ។ សមិទ្ធផលនេះបានស្ដែងឱ្យឃើញពីតួនាទីយ៉ាងសំខាន់មិនអាចខ្វះបានរបស់គ្រូបង្រៀន ដែលជាបេះដូងនៃការកែលម្អគុណភាពអប់រំ តាមរយៈការដំឡើងប្រាក់បៀវត្ស ការលើកកម្ពស់គុណវុឌ្ឍិ និងការពង្រឹងសមត្ថភាពគរុកោសល្យជាប្រចាំ។ ទន្ទឹមនឹងនេះ លទ្ធផលនេះក៏បានបង្ហាញពីប្រសិទ្ធភាពនៃការធ្វើកំណែទម្រង់តាមសាលារៀន ដូចជា ការគ្រប់គ្រងតាមសាលារៀន (SBM) សាលារៀនគំរូ និងសាលារៀនជំនាន់ថ្មី ដែលធ្វើឱ្យសាលារដ្ឋភាគច្រើនទទួលបានពិន្ទុខ្ពស់ប្រហាក់ប្រហែលនឹងសាលាឯកជនអន្តរជាតិ។ លើសពីនេះ អត្រាសិស្សអាយុ ១៥ឆ្នាំ ដែលរៀននៅថ្នាក់ទី១០ បានកើនឡើងពី ៣៧,៨% ក្នុងឆ្នាំ២០១៨ ដល់ ៤៦,៥% ក្នុងឆ្នាំ២០២៥ ខណៈអត្រាត្រួតថ្នាក់ និងបោះបង់ការសិក្សាមានការថយចុះយ៉ាងច្រើន។
បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះមួយចំនួនដល់សិក្ខាកាម និងអ្នកពាក់ព័ន្ធទាំងអស់ ដូចខាងក្រោម៖
-សូមសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ និងប្រកាន់នូវស្មារតីទទួលខុសត្រូវក្នុងការរៀនសូត្រ ដើម្បីធានាបានភាពជោគជ័យនាពេលអនាគត។
-ត្រូវរក្សាឱ្យបាននូវស្មារតីសហការ ការចេះជួយគ្នាទៅវិញទៅមក និងបន្តពង្រឹងវប្បធម៌នៃការសិក្សារៀនសូត្រអស់មួយជីវិត (Lifelong Learning) ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសង្គមសម័យឌីជីថល។
-ចំណេះដឹងដែលទទួលបានមិនអាចបង្កើតជាផ្លែផ្កាបានឡើយ ប្រសិនបើគ្មានការអនុវត្តជាក់ស្ដែង ដូច្នេះសិក្ខាកាមទាំងអស់ត្រូវនាំយកចំណេះដឹង និងជំនាញទាំងនេះទៅអនុវត្ត និងបំពេញភារកិច្ចជាក់ស្ដែងនៅតាមសាលារៀនរៀងៗខ្លួនប្រកបដោយប្រសិទ្ធភាព។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារពិភពលោក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ និងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដៃគូអភិវឌ្ឍន៍ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមគ្នាជំរុញកំណែទម្រង់វិស័យអប់រំនៅកម្ពុជាឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់។ ឯកឧត្តមបណ្ឌិតសភាចារ្យ មានជំនឿជាក់ថា តាមរយៈកម្មវិធីបណ្ដុះបណ្ដាលនេះ អ្នកសិក្សានឹងទទួលបាននូវចំណេះដឹងថ្មីៗ ជំនាញវិជ្ជាជីវៈ ការអនុវត្តជាក់ស្ដែង និងបទពិសោធចាំបាច់ ដើម្បីអាចបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពអប់រំនៅតាមមូលដ្ឋាន៕
គេហទំព័រ និងបណ្ដាញសង្គម៖ https://linktr.ee/moeyscambodia



























No comments:
Post a Comment