រដ្ឋបាលខេត្តព្រៃវែង បើកកិច្ចប្រជុំជំរុញការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណ ជូនប្រជាពលរដ្ឋទូទៅ និងពលករវិលត្រឡប់ពីប្រទេសថៃ
ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នេះ សាលាខេត្តព្រៃវែងបានរៀបចំកិច្ចប្រជុំស្តីពី «ការងារដឹកនាំ គាំទ្រ តាមដាន និងជំរុញការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀត ជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់ពីប្រទេសថៃ» ក្នុងភូមិសាស្រ្តខេត្តព្រៃវែង។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លាត ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត នៅសាលប្រជុំធំ «A» សាលាខេត្តព្រៃវែង។
កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ គណៈប្រតិភូអមដំណើរ នាយក-នាយករងរដ្ឋបាលសាលាខេត្ត តំណាងស្នងការនគរបាលខេត្ត អភិបាល-អភិបាលរងក្រុង/ស្រុក នាយករដ្ឋបាលក្រុង/ស្រុកទាំង១៣ ស្នងការរងទទួលបន្ទុកផែនការងារអត្តសញ្ញាណកម្ម ប្រធាន-អនុប្រធានការិយាល័យស្ថិតិ និងអត្រានុកូលដ្ឋាន នាយ-នាយរងការិយាល័យគ្រប់គ្រងការស្នាក់នៅ នាយ-នាយរងការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលខេត្ត អធិការ-អធិការរងនគរបាលក្រុង/ស្រុក មេឃុំ ចៅសង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ សរុបចំនួន ៤៥១ រូប។
នៅក្នុងឱកាសនោះ ឯកឧត្តម លាត ភិរុណ អភិបាលរងខេត្ត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានរាយការណ៍អំពីសមិទ្ធផល ក៏ដូចជាវឌ្ឍនភាពនៃការផ្តល់សេវាអត្តសញ្ញាណកម្មក្នុងខេត្តព្រៃវែងនាពេលកន្លងមក។ ឯកឧត្តមបានគូសបញ្ជាក់ថា អាជ្ញាធរខេត្តបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្រួលនីតិវិធីនៃការផ្តល់ឯកសារផ្លូវការជូនប្រជាពលរដ្ឋ ដើម្បីធានាថាពលរដ្ឋគ្រប់រូបទទួលបានសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់យ៉ាងពេញលេញ។
ថ្លែងក្នុងពិធីបើក និងដឹកនាំកិច្ចប្រជុំ ឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរដែនដី និងកងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ក្នុងខេត្តព្រៃវែង។
ដើម្បីឱ្យការងារនេះកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបបានទាន់ពេលវេលា ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ និងណែនាំដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចគន្លឹះសំខាន់ៗមួយចំនួនដូចជា៖
១. ពន្លឿនការផ្តល់សេវា៖ បន្តខិតខំជំរុញ និងផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ព្រមទាំងឯកសារអត្រានុកូលដ្ឋានផ្សេងៗជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងតម្លាភាព។
២. យកចិត្តទុកដាក់លើពលករវិលត្រឡប់៖ ត្រូវបង្កើតក្រុមការងារចុះសម្រួល និងផ្តល់អាទិភាពជូនប្រជាពលរដ្ឋខ្មែរដែលទើបធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃ ដើម្បីឱ្យពួកគាត់មានឯកសារគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងការស្វែងរកការងារធ្វើក្នុងស្រុក។
៣. បង្កើនការផ្សព្វផ្សាយ៖ អាជ្ញាធរឃុំ-សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវចុះអប់រំផ្សព្វផ្សាយដល់មូលដ្ឋានឱ្យពលរដ្ឋបានយល់ដឹងពីសារៈសំខាន់នៃអត្តសញ្ញាណបណ្ណ និងកាលបរិច្ឆេទផុតកំណត់ ដើម្បីមកធ្វើ ឬបន្តពត៌មានឱ្យបានទាន់ពេលវេលា។
៤. ពង្រឹងកិច្ចសហការ៖ រក្សាភាពជិតស្និទ្ធ និងសម្របសម្រួលរវាងមន្ត្រីស៊ីវិល និងកងកម្លាំងនគរបាល ដើម្បីលុបបំបាត់ភាពរើសអើង និងការយឺតយ៉ាវក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ។
កិច្ចប្រជុំបានបញ្ចប់ទៅដោយបរិយាកាសរីករាយ និងទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ដោយភាគីពាក់ព័ន្ធទាំងអស់បានប្តេជ្ញាចិត្តរួមគ្នានឹងអនុវត្តតាមការណែនាំ ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន











































No comments:
Post a Comment