ពិធីប្រកាសតែងតាំងមុខតំណែងមន្ត្រីរាជការ និងសំណេះសំណាលជាមួយមន្ត្រីរាជការរដ្ឋបាលខេត្តតាកែវ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
តាកែវ៖ នៅរសៀលថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តតាកែវបានរៀបចំពិធីប្រកាសតែងតាំងមុខតំណែងមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត ព្រមទាំងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅសាលប្រជុំធំរដ្ឋបាលខេត្ត។
ពិធីនេះត្រូវបានរៀបចំឡើងដើម្បីផ្លាស់ប្តូរ និងប្រគល់ភារកិច្ចជូនដល់មន្ត្រីរាជការក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារដឹកនាំ និងគ្រប់គ្រងរដ្ឋបាលស៊ីវិល ស្របតាមគោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។
ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ី សំណាង បានសម្តែងនូវការសួរសុខទុក្ខ និងពាំនាំនូវការគិតគូរអំពីសុខទុក្ខរបស់ថ្នាក់ដឹកនាំ ព្រមទាំងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវខ្ពស់របស់មន្ត្រីរាជការទាំងអស់ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តនាពេលកន្លងមក។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តក៏បានជូនពរជ័យ និងផ្តាំផ្ញើការសួរសុខទុក្ខដល់គ្រួសារមន្ត្រីរាជការទាំងអស់ឱ្យជួបប្រទះតែសេចក្តីសុខ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិដែលជិតឈានចូលមកដល់៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន


























No comments:
Post a Comment