រដ្ឋបាលខេត្តតាកែវ បើកសន្និបាតបូកសរុបការងារសុរិយោដីឆ្នាំ២០២៦៖ ថ្នាក់ដឹកនាំជំរុញឱ្យបន្តពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យកាន់តែឆាប់រហ័ស និងមានតម្លាភាព
តាកែវ៖ នាព្រឹកថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ បានប្រារព្ធពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៧ នៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់៖
ឯកឧត្តម សៀក វណ្ណា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ឯកឧត្តម អុិត សារុន សមាជិកក្រុមប្រឹក្សាខេត្តតាកែវ
លោក ញ៉ែម ស្រស់ អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ
ថ្លែងក្នុងពិធីបើកសន្និបាត ថ្នាក់ដឹកនាំប្រជុំបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃមន្ទីររៀបចំដែនដី ខេត្តតាកែវ ដែលបានរួមគ្នាយ៉ាងសកម្មក្នុងការសម្រេចបានសមិទ្ធផលការងារជាច្រើននាពេលកន្លងមក។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំបានផ្តល់នូវអនុសាសន៍ណែនាំ និងទិសដៅសំខាន់ៗមួយចំនួនដល់មន្ទីរជំនាញ រួមមាន៖
១. ពន្លឿនការងារចុះបញ្ជីដីធ្លី៖ បន្តខិតខំជំរុញ និងពន្លឿនការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងដាច់ដោយដុំ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ធានាសុវត្ថិភាពផ្លូវច្បាប់នៃការកាន់កាប់អចលនទ្រព្យ និងកាត់បន្ថយទំនាស់ដីធ្លីនៅមូលដ្ឋាន។
២. ពង្រឹងការគ្រប់គ្រងសំណង់ និងនគរូបនីយកម្ម៖ បង្កើនការត្រួតពិនិត្យ បទដ្ឋានបច្ចេកទេសសំណង់ និងការរៀបចំដែនដីឱ្យមានរបៀបរៀបរយ ដើម្បីធានាសុវត្ថិភាព សោភ័ណភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
៣. លើកកម្ពស់ការផ្តល់សេវាសាធារណៈ៖ បន្តពង្រឹងសមត្ថភាពមន្ត្រី និងកែលម្អការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងទាន់ពេលវេលា សំដៅឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
សន្និបាតនេះនឹងប្រព្រឹត្តទៅដើម្បីត្រួតពិនិត្យ វាយតម្លៃរាល់សមិទ្ធផលការងារដែលសម្រេចបានកន្លងមក ព្រមទាំងប្រមូលនូវធាតុចូល សំណូមពរ និងបញ្ហាប្រឈមនានា ដើម្បីដាក់ចេញនូវទិសដៅអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់សម្រាប់ឆ្នាំ២០២៧ ខាងមុខ៕
អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន



















No comments:
Post a Comment