​ឯកឧត្តម សួន សុម៉ាលីន និងភារធារីស្ថានទូតចិន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអាគារសិក្សានៅសាលាចិន-ខ្មែរ ជុងទី និងចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្របែក - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

​ឯកឧត្តម សួន សុម៉ាលីន និងភារធារីស្ថានទូតចិន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអាគារសិក្សានៅសាលាចិន-ខ្មែរ ជុងទី និងចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្របែក

 ​


ឯកឧត្តម សួន សុម៉ាលីន និងភារធារីស្ថានទូតចិន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអាគារសិក្សានៅសាលាចិន-ខ្មែរ ជុងទី និងចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្របែក



ស្រុកកំពង់ត្របែក៖ នៅព្រឹកថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយ ឯកឧត្តម ជាង ណាន ភារធារីស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង «ពិធីកាត់ខ្សែបូសម្ពោធអាគារសិក្សា និងសមិទ្ធផលនានា នៅសាលារៀនចិន-ខ្មែរ ជុងទី» ស្ថិតនៅភូមិចំបក់ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

​ពិធីនេះក៏មានការអញ្ជើញចូលរួមពី៖
​ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង
​ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា ប្រធានត្រួតពិនិត្យសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា
​លោក ប្រធានក្រុមប្រឹក្សាស្រុក និង លោក អភិបាលស្រុក
​លោក លោកស្រី អភិបាលរងស្រុក នាយក-នាយករងរដ្ឋបាលសាលាស្រុក
​ប្រធានការិយាល័យ-អង្គភាពទាំង១៣ នៃរដ្ឋបាលស្រុក និងអង្គភាពជុំវិញស្រុក
​លោក លោកស្រី មេឃុំទាំង១៣ ព្រមទាំងគ្រួសារសម្ព័ន្ធខ្មែរ-ចិន ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចូលរួមសរុបប្រមាណ ១,១៧៣នាក់ (ស្រី ៩៨៧នាក់)។

​ថ្លែងនៅក្នុងពិធីប្រកបដោយបរិយាកាសស្និទ្ធស្នាល និងមហោឡារិកនេះ ឯកឧត្តម សួន សុម៉ាលីន បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថានទូតចិនប្រចាំកម្ពុជា ក៏ដូចជាសមាគមសម្ព័ន្ធខ្មែរ-ចិន ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យអប់រំ និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

​ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍គូសបញ្ជាក់ថា៖
«សមិទ្ធផលដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ មិនត្រឹមតែជាកាយវិការស្តែងចេញពីមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា និងចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមរតកដ៏មានតម្លៃក្នុងការលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ក្មួយៗសិស្សានុសិស្សនៅមូលដ្ឋាននេះ ឱ្យទទួលបានចំណេះដឹងទាំងភាសាជាតិ និងភាសាចិន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារពលកម្មនាពេលអនាគត។»


​ទន្ទឹមនឹងនោះ ឯកឧត្តម ជាង ណាន ភារធារីស្ថានទូតចិន ក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ភាគីចិន ក្នុងការបន្តគាំទ្រកម្ពុជាលើការអភិវឌ្ឍធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីពង្រឹងចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរជាអមតៈ។

​នៅក្នុងឱកាសដ៏ថ្លៃថ្លានេះដែរ ឯកឧត្តមគណៈអធិបតី ក៏បានចែកជូនអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៥០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖
​មី ១កេស
​ឆ្នាំងដាំបាយអគ្គិសនី ១
​សារ៉ុង ១
​ស្ករស ១គីឡូក្រាម
​ប៊ីចេង ១គីឡូក្រាម
​ថវិកាឧបត្ថម្ភចំនួន ២០,០០០រៀល។

​បន្ទាប់ពីបានបញ្ចប់ពិធីសម្ពោធខាងលើ ឯកឧត្តមអភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្ត និងលោកអភិបាលស្រុក ក៏បានបន្តអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវ វឌ្ឍនភាពការងារ និងការផ្តល់សេវាពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្របែក ប្រកបដោយយកចិត្តទុកដាក់ និងស្និទ្ធស្នាលបំផុត៕

ប្រភព.រដ្ឋបាលស្រុកកំពង់ត្របែក




























No comments:

Post a Comment

Pages