អភិបាលខេត្តតាកែវ អញ្ជើញចុះសួរសុខទុក្ខ អតីតនាយក នាយិកា ដែលធ្លាប់បម្រើការងារនៅសាខាកាកបាទក្រហមកម្ពុជាខេត្ត
តាកែវ៖នាព្រឹកថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ រួមដំណើរដោយសមាជិក សមាជិកាគណៈកម្មាធិការសាខា លោកប្រធានមន្ទីរសុខាភិបាលខេត្ត មន្រ្តីប្រតិបត្តិសាខា និងមន្រ្តីអនុសាខាក្រុងដូនកែវ បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌មកផ្តល់ជូនអតីតនាយក នាយិកាសាខាដែលបានចូលនិវត្តន៍រួមមាន១- លោកវេជ្ជបណ្ឌិត តែ ថោងស៊ីន(១៩៨០ ដល់២០០១) ២-លោកទួន សុខ(២០០១ដល់២០០៦) និង៣-លោកស្រី យឹម លាវ (២០០៦ដល់២០០៩) ដល់គេហដ្ឋានរបស់គាត់ផ្ទាល់ នៅក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ក្នុងឱកាសទិវាមនុស្សចាស់ ០១ តុលា និងក្នុងឱកាសបុណ្យភ្ជំបិណ្ឌផងដែរ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម វ៉ី សំណាង ប្រធាន គណៈកម្មាធិការសាខា បានថ្លែងអំណរគុណ និងចងចាំជានិច្ចនូវគុណបំណាច់ ស្នាដៃរបស់របស់អ៊ុំពូមីង ជាអតីតនាយក នាយិកា ដែលកន្លងមកនេះបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ខិតខំប្រឹងប្រែង ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវឱ្យមានការរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។
ជាចុងក្រោយឯកឧត្តមប្រធានគណៈកម្មាធិការរួមនឹងសមាជិក សមាជិកាទាំងអស់ក៏បានគោរពជូនពរអ៊ុំ ពូ មីង ឱ្យមានសុខភាពល្អ អាយុយឺនយូរ នៅជាម្លប់ដល់កូនចៅជំនាន់ក្រោយៗទៀត។
សូមបញ្ជាក់ថាអំណោយដែលបានប្រគល់ជូនក្នុងមួយគ្រួសារៗ រួមមាន៖ អង្ករ ២៥ គីឡូក្រាម ត្រីខ១យួរ មី១កេស ប្រេងឆា១លីត្រ នំ១កញ្ចប់ ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ៣ដប ទឹកបរិសុទ្ធ១កេស ទឹកដោះគោស្រស់បួនដប ស្មើនឹងបួនលីត្រ មុង ១ ភួយ១ សារុង១ ក្រម៉ា១ ថវិកាចំនួន ២០ម៉ឺនរៀល ក្នុងនោះលោកប្រធានមន្ទីរសុខាភិបាលខេត្តបានបន្ថែមថវិកាចំនួន២០ម៉ឺនរៀលថែមទៀត គ្រប់ទាំងបីគ្រួសារផងដែរ៕ប្រភពអត្ថបទរដ្ឋបាលខេត្តតាកែវ












No comments:
Post a Comment