រដ្ឋបាលខេត្តតាកែវ ប្រារព្ធពិធីថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយព្រះទិវង្គត
(ខេត្តតាកែវ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, លោក លោកស្រី អភិបាលរងខេត្ត, ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត, រដ្ឋបាលក្រុង-ស្រុក ព្រមទាំងប្រធាន-អនុប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការ និងសាខាជំនាញជុំវិញខេត្ត បានអញ្ជើញចូលរួមយ៉ាងកកកុញក្នុងពិធីថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ព្រះអង្គ (១៥ តុលា ២០១២ - ១៥ តុលា ២០២៦)។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក និងមហាកិត្តិយស នៅបរិវេណសួនច្បារមាត់បឹងតាកែវ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ។ នៅក្នុងឱកាសប្រកបដោយក្តីសោកសង្រេង និងការចងចាំជានិច្ចនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធខេត្តតាកែវ បានរួមគ្នាសម្តែងនូវកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះមហាករុណាទិគុណដ៏ធំធេង និងព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ «ព្រះបរមរតនកោដ្ឋ»។
ព្រះអង្គជាព្រះមហាវីរក្សត្រដែលបានបូជាព្រះកាយពល ព្រះបញ្ញាញាណ និងព្រះរាជទ្រព្យយ៉ាងច្រើនឥតគណនា ក្នុងយុទ្ធនាការទាមទារឯករាជ្យជូនជាតិមាតុភូមិ រហូតទទួលបានឯករាជ្យបរិបូរណ៍ពីអាណានិគមនិយមបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ ក្រៅពីនេះ ព្រះអង្គទ្រង់ជាព្រះបិតាស្ថាបនាជាតិ និងជាតួអង្គយ៉ាងសំខាន់ក្នុងការបង្រួបបង្រួមជាតិ ការពារបូរណភាពទឹកដី និងការនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យជូនប្រជារាស្ត្រខ្មែរ។
ក្នុងពិធីនោះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ បានអញ្ជើញថ្វាយកម្រងផ្កា គោរពព្រះឆាយាលក្ខណ៍ និងបានស្ងៀមស្ងាត់ ១នាទី ដើម្បីឧទ្ទិសព្រះរាជកុសលថ្វាយដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» សូមទ្រង់បានយាងទៅកាន់ព្រះបរមសុខក្នុងព្រះសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន



























No comments:
Post a Comment