រដ្ឋបាលក្រុងដូនកែវ រៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ថ្នាក់ក្រុង-សង្កាត់ ប្រចាំឆ្នាំ២០២៦
ក្រុងដូនកែវ៖ នាថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំតាកែវយាយកែវ រដ្ឋបាលក្រុងដូនកែវ បានរៀបចំ «សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ថ្នាក់ក្រុង-សង្កាត់ ឆ្នាំ២០២៦» ដើម្បីតម្រង់ទិស និងកៀរគរប្រភពធនធានគាំទ្រដល់គម្រោងអភិវឌ្ឍន៍អាទិភាពក្នុងមូលដ្ឋាន។
សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ខៀវ សម្រស់ធីរ៉ា សមាជិកក្រុមប្រឹក្សាក្រុង (តំណាង លោក កាន់ រ៉ា ប្រធានក្រុមប្រឹក្សាក្រុងដូនកែវ) និង លោកស្រី វង សាវតី អភិបាលរងក្រុង (តំណាង លោក ឌឹម គឹមសាន អភិបាល នៃគណៈអភិបាលក្រុងដូនកែវ)។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ជាប្រធាន/អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, នាយក-នាយករងរដ្ឋបាលក្រុង, ប្រធានការិយាល័យ-អង្គភាពចំណុះរដ្ឋបាលក្រុង, តំណាងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុក្នុងមូលដ្ឋាន ព្រមទាំងអាជ្ញាធរ និងតំណាងសង្កាត់ទាំងបី នៃក្រុងដូនកែវ។
ថ្លែងក្នុងពិធីបើកសិក្ខាសាលា គណៈអធិបតីបានគូសបញ្ជាក់ថា៖
«សិក្ខាសាលាសមាហរណកម្មនាពេលនេះ គឺជាយន្តការយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់តម្រូវការអាទិភាពរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ជាមួយនឹងការគាំទ្រផ្នែកបច្ចេកទេស និងថវិកាពីសំណាក់មន្ទីរ-អង្គភាពជំនាញ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។ ការរួមបញ្ចូលគ្នានៃកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) នេះ នឹងធានាបាននូវការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបចំតម្រូវការជាក់ស្តែងក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ សេវាសាធារណៈ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងក្រុងដូនកែវ»។
ទន្ទឹមនឹងនេះ គណៈអធិបតីក៏បានស្នើសុំឱ្យមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត និងដៃគូពាក់ព័ន្ធទាំងអស់ បន្តផ្តល់កិច្ចសហការជិតស្និទ្ធ បញ្ចូលគម្រោងវិនិយោគរបស់វិស័យខ្លួន និងគាំទ្រថវិកា ឬបច្ចេកទេសលើគម្រោងអាទិភាពរបស់ក្រុង និងសង្កាត់ទាំងបី ដើម្បីរួមគ្នារញុញច្រានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចក្នុងមូលដ្ឋានឲ្យកាន់តែមានភាពរីកចម្រើនជាលំដាប់។
សិក្ខាសាលាបានប្រព្រឹត្តទៅដោយបរិយាកាសរីករាយ ការពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុសផុល និងទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន




























No comments:
Post a Comment