រដ្ឋបាលខេត្តតាកែវ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ និងទិសដៅអនុវត្តបន្តរបស់អនុគណៈកម្មាធិការដោះស្រាយបញ្ហាជនអនាថា
តាកែវ៖ រសៀលថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅសាលប្រជុំតូចរដ្ឋបាលខេត្ត លោកស្រី ឡុង បូណារេត អភិបាលរងខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ ឆ្នាំ២០២៦ និងកំណត់ទិសដៅអនុវត្តបន្តរបស់អនុគណៈកម្មាធិការដោះស្រាយបញ្ហាជនអនាថាខេត្តតាកែវ។
កិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពី មន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត លោក-លោកស្រី អភិបាល អភិបាលរងក្រុង-ស្រុក ព្រមទាំងប្រធាន និងអនុប្រធានមន្ទីរ-អង្គភាព និងសាខាចំជំនាញជុំវិញខេត្តយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ លោកស្រី ឡុង បូណារេត អភិបាលរងខេត្ត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកា នៃអនុគណៈកម្មាធិការ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាយ៉ាងសកម្មនាពេលកន្លងមក ក្នុងការស្រាវជ្រាវ គ្រប់គ្រង និងជួយសង្គ្រោះជនអនាថា ជនស្ទើរឆ្កួត និងជនរងគ្រោះផ្សេងៗឱ្យទទួលបាននូវការសង្គ្រោះបឋម និងការថែទាំសមស្រប។
មានប្រសាសន៍ផ្តាំផ្ញើ និងណែនាំអំពីទិសដៅអនុវត្តបន្ត លោកស្រីអភិបាលរងខេត្ត បានរំលេចនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១. ពង្រឹងកិច្ចសហការអន្តរវិស័យ៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ត្រូវបន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធ និងមន្ទីរសុខាភិបាល ដើម្បីស្វែងរក ប្រមូល និងជួយសង្គ្រោះជនអនាថាតាមទីសាធារណៈឱ្យបានទាន់ពេលវេលា។
២. ការស្តារនីតិសម្បទា និងសមាហរណកម្ម៖ ត្រូវយកចិត្តទុកដាក់លើការផ្តល់សេវាថែទាំ សុខភាពផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងការបណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនអនាថា ដើម្បីឱ្យពួកគាត់មានលទ្ធភាព និងជំនាញអាចត្រឡប់ទៅរស់នៅក្នុងគ្រួសារ និងសហគមន៍វិញដោយសេចក្តីថ្លៃថ្នូរ។
៣. ការបង្ការ និងការយល់ដឹងក្នុងសហគមន៍៖ ជំរុញការផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋក្នុងសហគមន៍ អំពីវិធានការការពារ និងការផ្តល់ព័ត៌មានមកអាជ្ញាធរមូលដ្ឋាន ករណីប្រទះឃើញជនអនាថា ឬជនមានបញ្ហាសុខភាពផ្លូវចិត្ត ដើម្បីអន្តរាគមន៍បានឆាប់រហ័ស។
៤. ការត្រួតពិនិត្យ និងវាយតម្លៃទៀងទាត់៖ អាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជនអនាថាក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ និងរាយការណ៍មកអនុគណៈកម្មាធិការខេត្តជាប្រចាំ ដើម្បីងាយស្រួលក្នុងការរៀបចំផែនការអន្តរាគមន៍ឱ្យមានប្រសិទ្ធភាពខ្ពស់៕
អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន




















No comments:
Post a Comment