លោកឧត្តមសេនីយ៍ទោ ម៉ែន លី នៃ ស្នងការដ្ឋាននគរបាលខេត្តតាកែវ រៀបចំពិធីរាប់បាត្រ និងបង្សុកូល បញ្ចប់វេនកាន់បិណ្ឌទី១១ ក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌ " វត្តលឹមពូល "
ខេត្តតាកែវ៖ នាព្រឹកថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានអញ្ជើញដឹកនាំកម្លាំងមន្ត្រីនគរបាលក្រោមឱវាទ ចូលរួមយ៉ាងច្រើនកុះករក្នុងពិធីរាប់បាត្រ វេរភត្តាហារ និងប្រគេនព្រះសង្ឃបង្សុកូល ដើម្បីបញ្ចប់វេនកាន់បិណ្ឌទី១១ ក្នុងរដូវកាលនៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាប្រពៃណីជាតិខ្មែរ។
ពិធីបែបសាសនានេះ ត្រូវបានរៀបចំឡើងយ៉ាងកក់ក្តៅ និងពោរពេញដោយសទ្ធាជ្រះថ្លា ស្ថិតនៅ វត្តលឹមពូល ភូមិឡូរី សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ព្រមទាំងមន្ត្រីនគរបាលខេត្តតាកែវទាំងអស់ បានរួមចិត្តគំនិតគ្នាតាំងអធិដ្ឋាន ឧទ្ទិសនូវកុសលផលបុណ្យទាំងឡាយជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា និងគ្រូឧបជ្ឈាយាចារ្យ ព្រមទាំងយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សាការពារ កងកម្លាំងនគរបាលជាតិគ្រប់រូប និងប្រជាពលរដ្ឋទូទាំងខេត្តតាកែវ ឱ្យទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងសម្រេចបាននូវពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន













































No comments:
Post a Comment